ភ្នំពេញ៖ បើទោះជារឿយៗនាង ឆៃលី ដាឡែន រមែងអះអាងភាពជោគជ័យ ប៉ុន្តែថ្មីនេះ អ្នកនាងបានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ជាមួយការបង្ហោះសារបែបសោកសៅ ជាមួយពាក្យពេចន៍បង្ហាញពីការបរាជ័យ ទាំងដែលរូបនាងក៏មិននឹកស្មានថា នឹងជួបនោះដែរ ទាំងបង្ហាញផងដែរថា អ្នកមានប្រៀបលើនាងក៏មិនមែនជាអ្នកចាស់។ ក្នុងសារដែលតារាចម្រៀង យ៉េៗ នាង ឆៃលី ដាឡែន បានរៀបរាប់ថា «ទោះខំប្រឹងក៏គ្មានតំលៃ អ្នកមានតំលៃគឺអ្នកដែលមកក្រោយតែប៉ុណ្ណោះ »។ បង្ហាញពីសារ សារភាពចុះចាញ ដែលថា «យើងឈប់ប្រណាំងប្រជែងទៀតទៅ យើងដឹងតែមិនឈ្នះគេហើយ រាល់ថ្ងៃគេគ្រាន់តែជាអ្នកកំដរយើងតែប៉ុណ្ណោះ គេនឹងចាកចេញនៅថ្ងៃណាមួយជាមិនខាន ផ្លូវជីវិតរបស់គេ គេបានរៀបចំរួចហើយ»។ អ្នកនាង ឆៃលី ដាឡែន ពោលបន្តទៀតថា «មានតែស្រីល្ងង់ឯងទេដែលមិនព្រមចាកចេញ គេប្រាប់ហើយនៅតែមិនជឿ ឡូវជឿហើយឬនៅ? ដោះលែងគេឲ្យមានក្តីសុខទៅ កុំបំបែកបំបាក់គ្រួសារគេអី យើងទៅរកផ្លូវដែលយើងធ្លាប់ដើរទៅ ។
អូនហត់ហើយ ហ្គេមមួយនេះខ្ញុំសុំចាញ់ game over យកទៅចុះរបស់ដែលអ្នកត្រូវការហើយខ្វះមិនបាន»។ ក្រោយពីបានបង្ហោះសារសោកសៅមួយនេះភ្លាម ក៏មានមហាជនបានសាកសួរ ប៉ុន្តែអ្នកនាងក៏បានឆ្លើយតបថាគ្រាន់តែបង្ហោះលេងតែប៉ុណ្ណោះ ខណៈពេលដែលមួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកនាងតែងតែបង្ហោះសារបែបទុក្ខសោកជាញឹកញយ៕
