ភ្នំពេញ ៖ ដំណឹង​នៃការហក់ចូលផលិតកម្មថោន ក្នុងកុងត្រា​ប្រមាណ៥ឆ្នាំ ពីសំណាក់​តារាចម្រៀង​លេងសម្រស់ទ្រូង​ រតនៈ ពិសី បានធ្វើឲ្យមហាជន​ផ្ទុះនូវការកោតសរសើរ រួមក្តីរំភើប​ជំនួសដោយសម្តីពេញចិត្តថា «ពិសី ទទួលឱកាសធំហើយ»​ ខណៈដែល​សាម៉ីខ្លួន​ក៏បាន​បង្ហាញ​នូវភាពជឿជាក់យ៉ាងមុតមាំ​គ្មាន​អ្វីអាចទាញ ឬកែចិត្ត​ឲ្យត្រលប់​វិញ​បាន​ឡើយ។

ទន្ទឹម​ដំណឹង​នៃ​ការឈាន​ជើង​ចូលទ្រនំធំមួយនេះ រតនៈ ពិសី ក៏បានទម្លាយថា​ «ត្រៀម​ចេញ​ទៅ​ច្រៀង និងសម្ដែងនៅអូស្រ្តាលី ចុងខែនេះ ជាមួយរយៈពេលប្រមាណ៣ខែឯ​ណោះ ដោយមានការ​អញ្ជើញពី​ស្ពនស័រផងដែរ»។

ជាមួយគ្នានេះតារាស្រីល្បីសម្លេងផ្អែម ឯចង្កេះ​ក៏សមត្រគាក បូកផ្សំទាំងមានជំនាញ​សម្តែង​យ៉ាងឥតខ្ចោះទៀតនោះ បានប្រាប់​មកកាន់ តារាញូស៍ ទាំង​ទំនុកចិត្ត​ខ្លាំង ថា «មានការរំពឹង​ទុកខ្លាំងដែរ ពិសេស​ពេលឈាន​ជើងចូលថោន គឺបទចម្រៀងក៏ខាង​ផលិតកម្ម​ធ្វើឲ្យដែរ និយាយរួមគឺគ្រប់​យ៉ាង​ថោន​ជាអ្នក​រៀបចំ​ឲ្យមួយចប់​អស់បារម្ភ​តែម្តង»។