ស្វាយរៀង៖ មហាជនជាច្រើន កើតក្ដីរន្ធត់ក្ដុកក្ដួល យ៉ាងក្រៃលែងរកទីបំផុតគ្មាន ក្រោយបានដឹងដំណឹងដ៏អកុសល អំពីមរណៈភាពរបស់គរុសិស្សឆ្នាំទី១ គង់ វិវឌ្ឈ នៃគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយជំងឺខ្យល់គ ។

ក្នុងដំណឹងដ៏សោកស្ដាយ ក៏ដូចជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបនេះដែរ គណនីហ្វេសប៊ុកឈ្មោះ Block Heart ដែលមិត្តរួមជំនាន់បានបង្ហោះ សរសរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលនៅមុននេះថា «ហេតុអ្វីឯងអាយុខ្លីម្ល៉េះ ឯងទើបតែធ្វើជំនួយការ អប្បមាទ ហើយពីថ្ងៃសោះ មកពេលយប់ឡើងឯងបែបនេះទៅវិញ គ្នាទទួលយកអត់បានទេ និវឌ្ឍ» ។

ប្រភពដដែលបានបន្ថែមដោយសម្តីកំសត់ខ្លាំងថា «ខ្ញុំពិតជាសោកស្តាយឯងណាស់សម្លាញ់ ស្តាយធនធានមនុស្ស ឯងជិតដល់ត្រើយហើយ ហេតុអ្វីក៏មិននៅទទួលលទ្ធផលដែលឯងខិតខំតាំងពីយូរ កើតជាតិណាៗកុំឱ្យអាយុខ្លីបែបនេះទៀត ស្លាប់ដោយសារខ្យល់គ ជាគរុសិស្សនៅគរុកោសល្យខេត្តស្វាយរៀងជំនាន់ទី៣៧» ៕