បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២០ សីហានេះ ព្រះចៅអធិការវត្តព្រះនាម កែម សុថេន គង់នៅវត្តធម្មការាម (វត្តធម្មយុត) ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង រួមទាំងតាជីដូនជីផងនោះបានធ្វើការអំពាវនាវ ដល់ពុទ្ធបរិស័ទ និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភជាស្បៀងអាហារ និងបច្ច័យដើម្បីបានផ្គត់ផ្គង់ចង្ហាន់បន្តដល់ព្រះសង្ឃជិត៨០អង្គ ដែលកំពុងនៅគង់រៀនបាលីក្នុងវត្តនេះ ដោយព្រះសង្ឃភាគច្រើនបួសរៀន គឺខាងចៅអធិការវត្ត និងគណៈកម្មការវត្តជាអ្នកធានារ៉ាប់រងរាល់ការចំណាយស្ទើរទាំងស្រុង ។

ក្នុងនោះផងដែរ ព្រះតេជគុណក៏មានសង្ឃដីកាបន្តថា នេនតូចៗភាគច្រើនសុទ្ធតែជាក្មេងកំព្រា ហើយកន្លងមកវត្តនេះមិនដែលជួបប្រទះនឹងភាពខ្វះខាតទេ ប៉ុន្តែក្រោយពីព្រះសង្ឃចំនួន១៦អង្គ មានជំងឺគ្រុនឈាមជាបន្តបន្ទាប់កាលពីអំឡុងខែកក្កដា ជាហេតុនាំឲ្យគណកម្មការវត្តត្រូវចំណាយបច្ច័យអស់រាប់លានរៀលទើបធ្វើឲ្យព្រះសង្ឃនៅក្នុងវត្តនេះប្រឈមនឹងការដាច់ចង្ហាន់ពេលព្រឹកជាបណ្ដើរៗ៕