ឧត្ដរមានជ័យ ៖ ប្រភពពីសារព័ត៌មានក្នុងស្រុកបានឲ្យដឹងពីបុរសអាយុ២១ឆ្នាំ ធី ដារិត រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ កើតទុក្ខស្អិតទ្រូង រៀបរាប់ទាំងដួលដើមក ថាខ្លួនបានចងការលុយពីធនាគារ ៥,០០០ដុល្លារ ទិញឈ្មោះចូលក្របខណ្ឌ បម្រើការងារជាមន្ត្រីយោធាកងពលតូចអន្តរាគមន៍លេខ៤ ខេត្តឧត្ដរមានជ័យ ដោយមានលោកឧត្ដមសេនីយ៍ទោ សន ស៊ា ជាមេបញ្ជាការ ដែលត្រូវបានគេទម្លាយថាធ្វើការតាមអារម្មណ៍ និងកាត់ប្រាក់ខែតាមនឹកឃើញទៀតផង។

ជនរងគ្រោះ ធី ដារិត អត្តលេខ ២៣៣៧៩២ បានបន្តថា ពេលបង់លុយរួចជិតមួយឆ្នាំ ទើបខ្លួនទទួលបានបៀវត្សរ៍ត្រឹម២ខែ ហើយក៏ធ្លាក់ខ្លូនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ព្រមទាំងមានក្រដាសស្នាមមេដៃ បញ្ជាក់ពីប្រធានពេទ្យ តែលោកឧត្ដមសេនីយ៍ទោ សន ស៊ា បែរនិយាយថាខ្លួនគេចវេស ហើយឆ្លៀតឱកាសស៊ីដាច់ប្រាក់ខែ ខ្លួនរហូតរយៈពេលជិតមួយឆ្នាំ ពេលទាក់ទងតាមរយៈទូរសព្ទ លោកបានត្រឹមបោះសម្ដីយ៉ាងខ្លីថា «ខ្លួនមិនដឹង» ៕