ភ្នំពេញ៖ ថ្មីៗនេះ កូនប្រុសច្បងកំពូលតារាចម្រៀង ព្រាប សុវត្ថិ, សុវត្ថិ មុន្នីវណ្ណ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ហ្វេសប៊ុកបងប្អូនខ្ញុំទាំងបីនាក់ មានជនអនាមិកបានព្យាយាម HACKED យក ប៉ុន្តែសំណាងល្អដែរផេករបស់ខ្ញុំត្រូវបាន IT យកមកវិញបាន ដោយឡែកផេករបស់ប្អូនប្រុសខ្ញុំទាំងពីរត្រូវបានបាត់បង់ដោយជនមិនស្គាល់មុខ” ។ គួររំលឹកផងដែរថា ហ្វេសប៊ុកផេករបស់កូនប្រុសទាំង៣របស់កំពូលតារាចម្រៀងល្បីជាង២ទសវត្ស ព្រាប សុវត្ថិ គឺប្រើប្រាស់ដោយដាក់ឈ្មោះពិតជាភាសាឡាតាំង កូនច្បងផេកហ្វេសប៊ុកឈ្មោះ Sovathmonivann កូនប្រុសទី២ផេកហ្វេសប៊ុកឈ្មោះ Sovath Monineak និងកូនប្រុសពៅផេកហ្វេសប៊ុកឈ្មោះ Sovath Sereyvuth ។

កន្លងមកសម្មភាពហ្វេសប៊ុកផេករបស់កូនប្រុសទាំង៣ លោក ព្រាប សុវត្ថិ បានប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ហើយការបង្ហោះរូបភាពទៀតសោត គឺបង្ហោះតែសកម្មភាពសិល្បៈ តែប៉ុណ្ណោះ ។ ជុំវិញរឿងនេះ លោក សុវត្ថិ មុន្នីវណ្ណ បានបញ្ជាក់ជូនមហាជនទូទៅថា “បើសិនជានៅមានភាពអសកម្មណាមួយនៅលើផេករបស់ប្អូនខ្ញុំទាំងពីរនាក់នោះ ពួកខ្ញុំនឹងមិនទទួលខុសត្រូវឡើយ” ។ លោកបានបន្ថែមថា “ករណីនេះខ្ញុំបាទបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃរួចរាល់អស់ហើយ” ៕