ភ្នំពេញ៖ ថ្មីៗ ស្រីស្រស់ ពេជ្រ សូលីកា បានបង្ហាញភាពហ៊ឺហារ និងការប្រើប្រាស់រថយន្តស៊ើរីទំនើបនិងមានព័ត៌មានផ្សព្វផ្សាយយ៉ាងកក្រើត តែរំពេចនោះ ក៏មានការបញ្ចេញមតិមហាជនជាច្រើន បានពោលឡើងក្នុងពាក្យសម្តីមិនសមរម្យ។ ខណៈក្នុងភាពស្ងៀមស្ងាត់ពី សាមីខ្លួន នាង ពេជ្រ សូលីកា មិនបានចេញសារបកស្រាយឬក៏ប្រតិកម្មនោះ ស្រីស្រស់ នាង ទេព បូព្រឹក្ស ក៏ចេញមកប្រើសឹកសំដី ប្រតិកម្មជួសមិត្តសំឡាញ់ក្នុងភាសាធ្ងន់ៗទៅវិញ។ ក្នុងសារប្រតិកម្មទៅអ្នករិះគន់ជួសមិត្តសំឡាញ់ កញ្ញា ទេព បូព្រឹក្ស ដែលបង្ហាញពីការហួសចិត្ត មានទាំងពាក្យថា ហ៊ឺ!គិតទៅនែអ្នកគាត់ ខមមិន មកមួយៗកប់ៗហ្មង»។

បន្តសារបែបហួសចិត្តនោះ តារាចម្រៀងក្នុងទ្រនំហង្សមាស សម្បូរក្បាច់រាំគ្រលែងចង្កេះ មិនចាញ់តារាបច្ចឹមប្រទេសរូបនេះ ក៏ពោលទាំងចម្ងល់បន្តថា «ចង់សួរទៅវិញថាចេះឲ្យតែធ្វើតារាហើយមានរបស់ល្អៗទំនើបៗប្រើដឹងតែលក់ខ្លួនហើយឬ? ចុះពួកខ្ញុំខំប្រឹងរាល់ថ្ងៃធ្វើការអត់ដេកអត់ពួនហ្នឹងតើឲ្យពួកខ្ញុំយកលុយទៅបោះចោលមែន? ហាហាហា អត់យកមកចាយទេ ហើយចង់និយាយថាចុះពួកបងៗទៅណាទៅណីមានរបស់ល្អៗប្រើខ្ញុំមិនជឿថាអ្នកទាំងអស់គ្នានោះមិនដែល post ក្នុង fb នោះទេ តែគ្រាន់តែគ្មានអ្នកណាគេយកមកចុះផ្សាយ»។

កញ្ញា ទេព បូព្រឹក្ស ក៏អះអាងថា «កុំឃើញគេមានបាន ប្រើរបស់ល្អ ក៏ម៉ៃថា ជាតារាបើមិនលក់ខ្លួន ក៏មិនមានលុយទិញសម្ភារៈថ្លៃៗល្អៗ ចុះគេខំធ្វើការទាំងយប់ទាំងថ្ងៃនោះ មិនបានមកទេ បានជា ពេលឃើញមានបាន ចឹង ក៏គិតទៅចំណុចនោះភ្លាម »។ នាងបានបន្ថែមថា «កុំគិតដល់ចំណុចនោះអី បើមិនជួយគាំទ្រ មិនជួយលើកស្ទួយទេ សូមត្រឹមថា នៅស្ងៀមក៏មិនខាត មិនចំណេញអីដែរ»។