ភ្នំពេញ៖ ក្រោយការលេចឮពាក្យចចាមអារ៉ាមថាតារាចម្រៀងស្រគត់ស្រគុំ កញ្ញា សុគន្ធ នីសា មានគូដណ្តឹងជាឪពុករបស់ ណូ ឈួស៊ីវហេង បេក្ខភាព The Voice Kids ប៉ុន្តែដំណឹងនេះត្រូវបានបដិសេដដោយតារាចម្រៀងជាសាមីខ្លួនថា “គូដណ្តឹងរបស់ខ្ញុំមិនមែនជាឪពុក ណូ ឈួស៊ីវហេង ហើយក៏មិនមែនជាមន្ត្រីធំនៅក្រសួងមហាផ្ទៃដែរ” ។ ដំណឹងនេះ ត្រូវបានមហាជនទូទៅកំពុងមានចម្ងល់ថា “តើអ្នកណាជាកូនកំលោះរបស់កញ្ញា សុគន្ធ នីសា?” ដោយកន្លងមកតារាចម្រៀងរូបនេះ គ្រាន់តែបញ្ជាក់ថា “គូដណ្តឹងខ្ញុំជាមនុស្សសាមញ្ញធម្មតា” ។

ប៉ុន្តែ ទោះជា សុគន្ធ នីសា មិនបានប្រាប់ថា អនាគតស្វាមីនាងជាប្រុសមួយណាក៏ដោយ ក៏អ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះ បង្ហើបថាច្បាស់ណាស់ថា “អនាគតស្វាមីរបស់ សុគន្ធ នីសា គ្មានអ្នកណាក្រៅពីលោក សាំប៉ា ជាអាណិកជនខ្មែរ នៅសហរដ្ឋអាមេរិកនោះឡើយ” ។ ប្រភពដដែលបានបន្តទៀតថា “លោក សាំប៉ា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលជាអ្នកមានភាគហ៊ុនធំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife” ។ រឿងជួញឆ្ងាយប្រសើរជាងជួញជិត របស់តារាចម្រៀង សុគន្ធ នីសា ពេលនេះជិតឈានដល់ថ្ងៃចូលរោងការហើយ បន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមអាណិកជនខ្មែរ នៅអាមេរិក លោកសាំប៉ា ដោយពួកគេបានរួមរស់ជាមួយគ្នាក្នុងនាមគូដណ្តឹង រយៈពេលជាង៦ឆ្នាំ ទម្រាំសម្រេចចិត្តបាន ៕