ភ្នំពេញ៖ កញ្ញា មាន សូនីតា ងារជារាជនីក្រមា ដែលទើបស្រាយចម្ងល់មន្ទិល មានអ្នកឧបត្ថម្ភជាកំណាន់ចិត្តលាក់មុខ ពីក្រោយនៃដំណើរកម្សាន្តក្រៅប្រទេស នានាជាហូរហែ និងភាពហ៊ឺហា ទិញផ្ទះវីឡា និងដូររថយន្តទំនើប។ ជាមួយនឹងសំដីអះអាងថា មិនមានចំណែកឧបត្ថមខាងណាទាំងអស់ តែនាងបែរជាបង្ហាញសារតូចចិត្តខ្លួនឯង ឃើញគេមានគ្នា។ ខណៈដែលពេលនេះវេលារដូវរៀបចំមង្គលការនៅក្នុងខែកត្តិកធ្លាក់ខ្យល់រងារបានរំលងប្រហែលជិត ១០ ថ្ងៃ សោះនោះឃើញថាមានអ្នកដល់គូទាំងឡាយក៏ដឹកនាំគ្នាចូលរោងមង្គលជ័យជាហូរហែ ដោយក្តីរីករាយចិត្ត តែតារាសម្តែងស្រី និងជាម្ចាស់ហាងលក់ផលិតផលពីក្រមាវ័យក្មេង កញ្ញា មាន សូនីតា បានបែរជាចោទសំណួរមកកាន់ខ្លួនឯងថា«មានអារម្មណ៍យ៉ាងណាពេលឃើញគូស្នេហ៍វ័យក្មេងៗជាងខ្លួនដឹកដៃគ្នារៀបការនោះ»។

តាមរយៈចេតនា ដែល ស្រីស្រស់ មាន សូនីតា បង្ហោះសារនេះ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនលើកឡើងថា «ហាក់ជាចេតនា សូនីតា ចង់សួរយោបល់ប្រិយមិត្តគាំទ្រខ្លួន ឲ្យជួយជម្រុថការសម្រេចចិត្តចំពោះអនាគតនាង ហើយក៏អាចជាសារ ដែលនាងសារភាពថា នាងក៏មានគូនឹងគេហើយដែរ»។ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញយោបល់ភ្លាមៗថា៖ «គិតថាមិនទាន់ដល់ពេលទៅណាបង» ឬជាសារថា៖ «លួចច្រណែនតិចៗ!ហាហាហាហា!» និងសារលួចចិត្តតារាស្រីថា៖ «គឺថាខាងលោកតាទេវតា គូព្រេងកំពុងរៀបចំមនុស្សល្អ និងសាកសមបំផុតឲ្យយើង។ តែគាត់មិនទាន់ចង់ឲ្យយើងមានការជួបគ្នាព្រោះចង់ឲ្យយើងរីករាយនឹងជីវិតម្នាក់ឯងបែបនេះបានយូរបន្តិច» ៕