ភ្នំពេញ៖ ព្រមនឹងភាពស្ងប់ស្ងាត់ទាំងសកម្មភាពគាំទ្របក្សនយោបាយ និងការងារសិល្បៈ តារាសម្តែងវ័យជ្រេរ និងជាថៅផលិតកម្មភាពយន្ត អ្នកនាង បូនីតា ដាដេណា ដែលគេដឹងថា កំពុងរួមរស់នឹងស្វាមីក្រៅខាន់ស្លាជនជាតិអារ៉ាប់ទាំងរក្សាកំណើតកូនស្រីវ័យជាងមួយខួបផងនោះ ។ បែរជាត្រូវបានគេទម្លាយ តារារូបនេះ ត្រូវស្វាមីដែលជាជនជាតិអារ៉ាប់បង្ខាំងនៅតែក្នុងផ្ទះឲ្យពីការងារសិល្បៈនិងការងារក្នុងសង្គមនយោបាយផង។

តារាសម្តែង និងជាម្ចាស់ផលិតកម្មដែលបាត់ មុខពីកម្មវិធីផ្សេងៗរបស់សិល្បៈ ទាំងហ្វេសប៊ុកក៏មិនសូវមានព័ត៌មានដូចមុនៗដែរនោះ ។ អ្នកនាង បូនីតា ដាដេណា បានប្រាប់ពីមូលហេតុយ៉ាងដូច្នេះថា «ការបាត់មុខខ្ញុំពីពិភពសិល្បៈដោយសារតែខ្ញុំមានបញ្ហាបន្តិចន្តូចជាមួយ និងស្វាមី លើបញ្ហា ការងារសិល្បៈ តែពេលនេះក៏ស្រុះស្រួលគ្នាធម្មតាហើយ»។ អ្នកនាង បូនីតា ដាដេណា បញ្ចាក់ថា«គាត់មិនឱ្យខ្ញុំផលិតកុនទៀតទេ ។ ដោយគាត់ខឹងខ្ញុំរឿងផលិតកុន ហើយពេលនេះខ្ញុំក៏បានសន្យាឈប់ ដើម្បីយកពេលនេះធ្វើដំណើរជាមួយគាត់ទៅនៅក្រៅប្រទេស។ តារាភាពយន្តសម្ផស្សស្រស់បែបយ៉េៗវ័យជ្រេរូបនេះ អះអាងថា « ស្វាមីរបស់ខ្ញុំគាត់ជាអ្នកជំនួញតែងតែធ្វើជំនួញជុំវិញពិភពលោក ហើយគាត់ចង់ឲ្យខ្ញុំរួមដំណើរជាមួយគាត់ណាស់ពីមុខតែខ្ញុំរវល់ការងារ ទើបគាត់ខឹង មិនសប្បាយចិត្ត»។