ភ្នំពេញ៖ នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំ២០១៧នេះ ឃើញទិដ្ឋភាពអធិកអធមប្រជុំដោយហ្វូងមនុស្សអ៊ូអរ ចូលរួមទស្សនាការប្រណាំងទូក និងការប្រជុំតន្ត្រី និងជាពិសេសការសម្តែងរបាំបុរាណដែលបង្ហាញពីអត្តសញ្ញាណខ្មែរដ៏រឹងមាំ ។ រំពេចនោះ តារាចម្រៀងស្រីដ៏ល្បីផលិតកម្មហង្សមាស ដែលកំពុងត្រៀមខ្លួនធ្វើជាកូនក្រមំក្រាបផ្ទឹមនិងកូនអាណិកជនអាមេរិក កញ្ញា សុគន្ធ នីសា បានបង្ហោះសារលើអ៊ីនស្ត្រាក្រាមថា “មនុស្សយើងម្នាក់ៗមានកាតព្វកិច្ចការពារថែរក្សាវប្បធម៌ដែលជាអត្តសញ្ញាណជាតិរបស់យើង” ។

តារាចម្រៀងស្រីល្បីចំណាយ១០ម៉ឺនដុល្លាររៀបពិធីកា្របផ្ទឹមនៅសណ្ឋាគារលំដាប់ផ្កាយរូបនេះបានបន្តថា “យើងកាន់តែឲ្យតម្លៃ គោរពសិល្បៈបុរាណ វាកាន់តែធ្វើឲ្យយើងមានការរីកចម្រើន។ សិល្បៈសម័យក៏ត្រូវអភិវឌ្ឍទៅមុខ ប៉ុន្តែក៏មិនភ្លេចសិល្បៈបុរាណដែរ” ។ សារអប់រំខ្លីមួយនេះ ធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានការសាទរយ៉ាងច្រើន រួមនឹងពាក្យសរសើរថា តារាចម្រៀង សុគន្ធ នីសា ពិតជាគំរូដ៏ល្អដល់សិល្បករដទៃទៀត ដោយសង្ឃឹមថាសារនេះនឹងអាចដាស់ស្មារតីកូនខ្មែរឲ្យចេះស្រលាញ់ និងចូលរួមអភិរក្សសិល្បៈបុរាណទាំងអស់គ្នា ៕