ភ្នំពេញ៖ ការប្រគុំតន្ត្រីភេសជ្ជៈខារ៉ាបាវ នាឱកាសបុណ្យអុំទូកថ្ងៃទី២, ៣, ៤ ខែវិច្ឆិកា នៅសួនច្បារសុខា ត្រើយខាងកើតនេះ ឃើញមានវត្តមានម្ចាស់ពាន The Voice Kids រដូវកាលទី១ កវីតូច ពេជ្រ ថៃ ត្រូវបានអ្នករៀបចំកម្មវិធីតម្រូវឲ្យច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្តិ ដែលជា Coach ផ្ទាល់របស់ខ្លួនផ្ទាល់ ។ ការបង្ហញខ្លួនរបស់កុមារាម្ចាស់ពាន ពេជ្រ ថៃ ជាលើកដំបូងក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំ ប៉ុន្តែកុមារារូបនេះ ហាក់មិនមានការភ័យខ្លាចចំពោះការឡើងច្រៀង Concert ធំៗនោះទេ បើទោះជាមានមនុស្សរាប់ពាន់នាក់នៅចំពោះមុខក្ដី ព្រោះតែ ពេជ្រ ថៃ បានទទួលការបណ្ដុះបណ្ដាលច្រើនពីលោកព្រាប សុវត្ថិ អំឡុងពេលដែលប្រលងចម្រៀងនោះ ហេតុនេះហើយធ្វើឲ្យកុមារតូចល្អិតរូបនេះ កាន់តែក្លាហានជាងមុនថែមទៀតផង។

ក្រោយពេលច្រៀងចប់លើឆាកប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ពេជ្រ ថៃ បាននិយាយលេងកំប្លែងធ្វើឲ្យអ្នកគាំទ្រដែលកំពុងទស្សនាសើចបិទមាត់ជិត សមនឹងពាក្យមហាជនលើកឡើងនាពេលកន្លងមកថា “ពេជ្រ ថៃ មានទឹកដមសំឡេងសាមញ្ញធម្មតា ដូចកូនក្មេងដទៃទៀតដែរ តែបើគេទៅចូលធ្វើជាអ្នកកំប្លែង នឹងល្បីឈ្មោះជាងនេះមិនខាន” ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំនាឱកាសបុណ្យអុំទូកនេះ ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស ដែលមានវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា រួមមាន ព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ពេជ្រ សោភា, សុគន្ធ នីសា, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស ជាដើម ៕