ភ្នំពេញ ៖ ជីវិត នាយ តាក់ ស៊ី ក្រោយបកស្បង់ចាកសិក្ខាបទ ហាក់កាន់តែដក់ជាប់នូវក្តីអាណិតពីមជ្ឈដ្ឋានមហាជន លើសពីជំងឺទឹកនោមផ្អែម រុករានរាងកាយឲ្យស្គមកំព្រឹង ទាំងភរិយាក៏ផ្តាច់សង្វាសប្តីប្រពន្ធ ទ្រព្យធនក៏បូជាអស់ រហូតត្រូវបាននាយ ក្រូច ត្រឹមតែជាមិត្តរួមអាជីព និងរួមក្រុមកំប្លែងផ្តល់ក្តីសន្តោសជួយឲ្យស្នាក់នៅក្នុងផ្ទះជាមួយ។

ដោយទឹកចិត្តករុណា ពីមិត្តរួមអាជីព នាយ ក្រូច នោះ មហាជនក៏មានការសាទរយ៉ាងខ្លាំងចំពោះនាយ ក្រូច ខណៈនោះដែរ នាយ ក្រូច តារាកំប្លែងល្បី ក៏បង្ហាញឲ្យមហាជនអស់ចម្ងល់ដែលលោកសម្រេចចិត្តជួយចិញ្ចឹមនាយ តាក់ ស៊ី ក្លាយជាតារាកំប្លែងពោះម៉ាយ រស់ស្ពាយជំងឺទាំងគ្មានទ្រព្យជាប់ខ្លួនថា «នាយ តាក់ ស៊ី ទោះទៅជាយ៉ាងណា លោក មិនចោល ព្រោះនាយ តាក់ ស៊ី ជាអ្នកមានគុណ លើនាយ មុនពេលនាយ ក្លាយខ្លួនជាតារាកំប្លែងល្បីក្នុងក្រុមពែកមីម្ល៉េះ។ ថា នាយ តាក់ ស៊ី នេះហើយដែលបានជួយ ហៅ យឹតយោង ឲ្យនាយ សម្រេចបំណងលើវិថីសិល្បៈ»។

កាន់តែធ្វើឲ្យមហាជនក្តុកក្តូលពីទឹកចិត្តនាយ ក្រូច ផ្តល់ក្តីតបស្នងអ្នកមានគុណខ្លួន គឺនាយ តាក់ស៊ី ក្នុងគ្រាអ្នកមានគុណរូបនេះ មានទុក្ខ មានជំងឺជាប់ខ្លួនផងនោះ ស្រាប់តែនៅព្រលប់ថ្ងៃទី១០ កញ្ញា នាយ ក្រូច បានចេញសារបង្ហាញក្តីអាណិត នាយ តាក់ ស៊ី បន្ថែមទៀតលើគ្រោះស៊យ ដែលកើតលើនាយ នាឱកាសត្រឹមចឹត្តធ្វើបុណ្យនារដូវបុណ្យភ្ជុំនេះ។ ក្នុងនោះ នាយក្រូច បានបង្ហោះរៀបរាប់ទាំងហួសចិត្តថា«អាណិតណាស់ចោរអើយចោរខ្វះមនុស្ស លួចណាស់មែនទេបានជាមកលូកហោប៉ៅនាយ តាក់ស៊ី យកលុយដែលគេអោយគាត់ អស់រលីង (ទៅធ្វើអត្តសញ្ញាណប័ណ្ណម្ដុំវត្តសំរោងអណ្ដែត) មកវិញប្រាប់ខ្ញុំទាំងត្រេកអរ ថាមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ណលោកជួយសម្រួលអោយច្រើនណាស់ មួយសន្ទុះក្រោយមក ទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួនហើយប្រាប់ខ្ញុំថាលុយទុកធ្វើបុណ្យអោយម្ដាយ និងលោកយាយក្នុងរដូវបុណ្យភ្ជុំត្រូវបានគេលួចយកអស់ហើយដោយសារខោខ្លីដែលស្លៀកនេះ»៕