ភ្នំពេញ៖ ក្នុងរាត្រីថ្ងៃបុណ្យអុំទូក ទី០៣ វិច្ឆិកានេះ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សោភា បានធ្វើឲ្យទស្សនិកជនមានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើឆាកប្រគុំតន្រ្តី នៅសួនច្បារសុខា ត្រើយខាងកើត ខណៈពេលតារាចម្រៀងរូបនេះ បាន លើក យកបទថ្មី “ជិះមាន់រាំតាមដំរី” មកធ្វើការបកស្រាយរួមជាមួយលោក ស្តេព ធ្វើឲ្យកក្រើកឆាកតែម្តង ។ ក្នុងបទចម្រៀងដ៏អស្ចារ្យមិនធ្លាប់មានពីមុនមករបស់តារាសម្រៀងគូស្នេហ៍ ឆឹម សក្កដា រូបនេះ ជាប្រភេទបទញាក់កន្រ្តាក់អារម្មណ៍ ប៉ុន្តែក្បាលដំបូងនៃបទនេះ ផ្សាភ្ជាប់នឹងពីសាច់រឿង “រាមកេរ្តិ៍” ត្រង់វគ្គ “ព្រះរាមប្រលោមនាង សីតា” ។

បងប្អូនប្រាកដជាឆ្ងល់ថា ម៉េចបានយកសិល្បៈល្ខោនខោលមកលាយបញ្ជូលជាមួយបទសម័យ ? តើសាច់រឿង និងអត្ថន័យបទចម្រៀងមានអ្វីដូចគ្នា ? ដើមចមនៃការនិពន្ធបទនេះឡើង ព្រោះអ្នកនិពន្ធបានស្វែងយល់ខ្លឹមសារក្នុងរឿងរាមកេរ្តិ៍ ហើយឃើញវគ្គមួយគួរឲ្យចាប់អារម្មណ៍ក៏លើកយកមកសរសេរជាទំនុកច្រៀង និងភ្លេងថ្មី ចំណែកគោលបំណងរបស់អ្នកនិពន្ធវិញគឺមានចេតនាបញ្ជ្រាបវប្បធម៌សិល្បៈបុរាណខ្មែរ ជាពិសេសល្ខោនខោលឲ្យកូនខ្មែរបានដឹង ។ ខ្លឹមសារបទ “ជិះមាន់រាំតាមដំរី” នេះ គឺតួប្រុសព្យាយាមតាមសុំស្នេហ៍តួស្រី ដោយសន្យាថាឲ្យតែស្រលាញ់បង អូនបានជិះមាន់ ជិះដំរីជាដើម ដូចនឹងរឿងរាមកេរ្តិ៍ វគ្គព្រះរាមប្រលោមនាង សីតា គឺព្រះរាមព្យាយាមលួងលោមគ្រប់មធ្យោបាយដើម្បីឲ្យនាងសីតាស្រលាញ់ ។ គួរបញ្ជាក់ថា បទ “ជិះមាន់រាំតាមដំរី” នេះ ជាស្នាដៃនិពន្ធដោយអ្នកនាង ពេជ្រ សោភា និង លោក ស្តេព ៕

សូមទស្សនាវីដេអូ!!