ភ្នំពេញ ៖ ចំណងស្នេហ៍អតីតតារាចម្រៀងប្រចាំផលិតកម្ម Rock កញ្ញា ម៉ូលីកា និងតារាសម្ដែង​រូបសង្ហា ​ហុង មានុន ហៅឆានុន បាន​តស៊ូរួមគ្នាអស់​កាលប្រមាណជាង៣ឆ្នាំ​ប៉ុន្តែ​ថ្មីៗនេះ​ក៏លេចឮដំណឹងប្រេះ​ឆា ​បញ្ចប់ផ្លូវ​ដែល​ធ្លាប់​សាង​យ៉ាងផ្អែម តាំងពីបាតដៃទទេ រហូតកើនទ្រព្យ​ជាប់​ជា​សម្បត្តិ ហាងកែសម្ផស្ស និងរថយន្ដ​ ទំនើប តែអ្វីដែលអ្នកគាំទ្រ​បាន​សាទរ​នោះ អ្នកទាំងពីរ​បានស្ម័គ្រដើរផ្លូវចាស់លែងផ្លាស់ចិត្តចោលគ្នាទៀតឡើយ។

ប៉ុន្តែ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​តារាស្រីបានសម្តីសម្រស់​ស្អាតស្រាប់តែបាន​បង្ហោះនូវរូបភាព​សង្សារបណ្ដូលចិត្ត​ចូលសាង​ផ្នួស​បានធ្វើឲ្យមហាជន​ភ្ញាក់ខ្លាំង ដោយពួកគេធ្វើការសន្និដ្ឋាន​ថា​ប្រហែលមកពីខូចចិត្ត​រឿងស្នេហ៍ហើយ​បាន​ទៅបួសជាសង្ឃ​យ៉ាងដូច្នេះ ម្យ៉ាងទំនងជាបួសមួយជីវិត​ថែមទៀតផង ប៉ុន្តែ​ត្រូវបាន​ ម៉ូលីកា ចេញមុខ​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ច្បាស់ៗ​ទទួលស្គាល់​ថា គូស្នេហ៍ខ្លួន​ពិតជាទៅបួសមែន ក្នុងវត្តមួយ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ហើយការបួសនេះ​ជាការ​សងគុណម្ដាយ​ប៉ុណ្ណោះ និងធ្វើឡើង​តែ៣ថ្ងៃទេ ពោលគឺសឹកវិញ​ថ្ងៃទី១៣ នេះហើយ។

ជាមួយគ្នា​នេះ​លើ​ទំព័រហ្វេសប៊ុក​នាង​ក៏បាន​បង្ហោះរូបភាព​ឈររួមអតីតគូស្នេហ៍ប្រែហៅជា «លោកបងៗ» រួមស្នាម​ញញឹម​អមដោយសារ​បញ្ជាក់​ថា «បួសរួចរាល់ហើយ លោកបង គង់នៅវត្ត3ថ្ងៃ ចឹងករុណា លាទៅភ្នំពេញ​ថ្ងៃនេះសិន​ហើយ​លោកបង ជូនបុណ្យទាំងអស់គ្នាផងណា សាធុ សាធុ សាធុ»។