កំពង់ឆ្នាំង ៖ យោងតាមប្រភពពីទំព័រហ្វេសប៊ុកឈ្មោះ «គេហទំព័រ ខ្មែរភក្តី» បង្ហោះរៀបរាប់ភ្ជាប់ទាំងក្ដីទួញសោកបោកខ្លួន ដល់សម្ដេចប្រមុខដឹកនាំជួយរកយុត្តិធម៌ ដ្បិតអីកម្មករស៊ីឈ្នួលបើកត្រាក់ទ័រ ឈួសឆាយកាយព្រៃតាមបញ្ជារលោកធំ ៣នាក់ ត្រូវជាប់ទោសដេកគុកទាំងមិនដឹង ដោយម្ចាស់ត្រាក់ទ័រល្មើសខុសឈ្មោះ យ៉ង់ វង ដែលសមត្ថកិច្ចចំរុះ ចាប់បានហើយបញ្ជូនមកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្តែតបណ្តោយអោយរត់គេចខ្លួនបាត់ និងមន្ត្រីជំនាញដែលឃុបឃិតបើកដៃអោយគេរត់ បែរជាគ្មានបញ្ហាទៅវិញ។

ប្រភពដដែលបានបន្តទៀតថា រឿងនេះ ពិតជាអយុត្តិធម៌ណាស់ សូមឱ្យមន្រ្តីនគរបាល និងប្រជាពលរដ្ឋដែលស្រឡាញ់យុត្តិធម៌ សំណូមពរដល់លោកមេធាវីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ មេត្តាជួយពលរដ្ឋក្រីក្រផង និងសំណូមពរតុលាការខេត្ត គួរស្រាវជ្រាវចាប់ខ្លួនជនល្មើសជាម្ចាស់ត្រាក់ទ័រ និងម្ចាស់ដី រួមមន្ត្រីរដ្ឋបាលព្រៃឈើរមាស ដែលឃុបឃិតដោះលែងជនល្មើស មកដាក់គុកផង ព្រោះពួកគេជាជនល្មើសពិតប្រាកដ ដែលមានចេតនាបញ្ជាអោយកម្មករបើកត្រាក់ទ័រ ឈូសដីព្រៃរបស់រដ្ឋយកជាកម្មសិទ្ធិ និងមានចេតនាដោះលែងជនល្មើស៕