បន្ទាយមានជ័យ ៖ «ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ ​មេបុណ្យ​» ជា​ឈ្មោះ​ស្ពាន​ឈើ​ប្រវែង ​៨០០​ម៉ែត្រ​​ ទទឹង​ ១ក្បៀស៥ ​ម៉ែត្រ​ សាង​សង់​ចូល​ទៅ​កាន់​ប្រាសាទ​បន្ទាយឆ្មារ ស្ថិត​នៅភូមិ​បន្ទាយ​ឆ្មារ​កើត​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយ​មានជ័យ ​និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​កាលពីថ្ងៃ​ទី​២៩ ​ខែ​សីហា ​​ហើយ ស្ពាន​ឈើ​នេះ​បាន​ចំណាយ​ពេល​សាង​សង់​ពី​២​ខែ​ ចំណាយ​ទឹក​ប្រាក់ ​សម្ភា​រ ​និង​កម្លាំង​យ៉ាង​ច្រើនដោយ​ជាង​ជិត​១០​នាក់​ ប្រើ​ពេល​ជិត​៣​ខែ ​ជា​អំណោយ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ាល័យ ។

ចំពោះ​មូល​ហេតុ​ប្រសិទ្ធ​នាម​​ឈ្មោះ «ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ ​មេបុណ្យ​» ​ទី​១​​ រំលឹក​ដល់​បេតិកភណ្ឌ​ប្រាសាទ​មេបុណ្យ ​កសាង​នៅ​ចុង​សវ​ទី​១២ ​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ ដែល​ទ្រង់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វរៈ​រាជ​មាតា​របស់​ព្រះអង្គ​។ ទី​២​ ដើម្បី​រំលឹក​អនុស្សាវរីយ៍ ​និង​ភ្ជាប់​និស្ស័យ​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​​កម្ពុជា ​ដែល​បាន​ផ្ដល់​ស្រះ​ទឹក​យក្ស​ធំ​ៗ​កាល​ពី​ឆ្នាំ​២០១៥ ​និង​ទទួល​វត្តមាន​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ចំនួន​២លើក ​។ ទី៣ គឺ​ភ្ជាប់​និស្ស័យ​ជាមួយ​ឯកឧត្ដម ​កែ ​គឹម​យ៉ាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​លោក​ជំទាវ ​ម៉ៅ ម៉ាល័យ ​កែ ​គឹមយ៉ាន​ ដែល​បាន​ដឹក​នាំ ​និង​ជួយ​ស្តារ​និង​អភិវឌ្ឍន៍​ខេត្ត​បន្ទាយ​មានជ័យ​ និង​ពិសេស​នៅ​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្ម​ពួក​នេះ​ ​។

ស្ពាន​ឈើ​នេះ​ ត្រូវ​បាន​​សាង​សង់​ពី​ឈើ​ក្រាក់​ចម្រុះ​រួម​មាន​ គគីរ កកោះ ឈើ​ក្រំ ត្រាច​ ទ្រាស​ ផ្ចឹក​ រាំង​ ជាដើម​ ហើយ​គ្រាន់​តែ​ថ្ងៃ​ដំបូង ដែល​ស្ពាន​ឈើ​ថ្មើរ​ដ៏​វែង​នេះ​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ ក៏​មាន​ភ្ញៀវ​ទេសចរ ​ពី​គ្រប់ទិស មក​ទស្សនា ​ធ្វើដំណើរ​ថ្មើរ​ជើង ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ និង​ចូល​ទៅ​គោរព​សក្ការៈនៅ​ប្រាសាទ​មេបុណ្យ​ ​។​