ភ្នំពេញ ៖ ក្រោយមានពីការជជែកគ្នាយ៉ាងតឹងសរសៃក រវាងក្រុមអ្នកសិល្បៈដែលដឹកនាំដោយលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយក្រុមបុគ្គលឈ្មោះ Bun Hoeun Sanh បន្ទាប់ពីបុគ្គលរូបនេះបានលួចថតសកម្មភាព រាំច្រៀង របស់អ្នកសិល្បៈនៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ហើយបង្ហោះទៅលើបណ្ដាញសង្គមដែលបានប្រើប្រាស់សម្ដីជេរប្រមាថ «ដៀលពូជខ្មែរ» ទាំងមូលកប់ៗមាត់ ត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំងចំពោះបុគ្គលថោកទាបរូបនោះហើយទាមទារឲ្យមានចំណាត់ការជាបន្ទាន់ចំពោះរឿងនេះ។

ក្នុងនោះផងដែរលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់អ្នកសារពត៌មានថា លោកនឹងប្ដឹងបុគ្គលដែលប្រើប្រាស់ Facebook ឈ្មោះ Bun Hoeun Sanh និងបក្ខពួក ចំពោះសកម្មភាពនៃការលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត ដើម្បីលុបលាងនូវអ្វីដែលបានប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមការងារហើយ ហើយលោកក៏ប្ដឹងបុគ្គលរូបនោះ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរទាំងមូលផងដែរ៕