ភ្នំពេញ ៖ អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ​តារាចម្រៀងប្រុស​ទ្រនំ​សាន់ដេ ឆាយ វីរៈយុទ្ធ បានលាន់មាត់​ភ្ញាក់ផ្អើល និងផ្ទុះការសរសើរ​យ៉ាងខ្លាំងក្រៃលែង ខណៈការងារសិល្បៈកំពុង​មមាញឹកស្អេកស្កះ​ ស្របពេល​ជិត​ក្លាយខ្លួនជាឪពុក​គេ​ផង​នោះ លោកបែរជា​ដើរតួជាប្ដី​ល្អ​កម្ររកបាន​ដោយឆ្លៀត​យកពេលទំនេរ​ទៅ​រកបន្លែ និង​រកត្រីក្នុងទន្លេស្រស់ៗប្លែកមាត់ ដើម្បីប៉ូវ និងផ្ដល់​កម្លាំងចិត្ត​ដល់ប្រពន្ធចំពោះ​កាដូមហាធំធេង​កូនដំបូងនេះ។

បង្ហាញក្នុងសម្លៀកបំពាក់មិនភ្លេចខ្លួនជាកូនអ្នកស្រែ ទឹកមុខពេញដោយក្ដីសង្ឃឹម ដៃកាន់​ចង្កូតទូកម្ខាង ឯម្ខាង​ត្រៀមជាស្រេចទុករកបន្លែត្រីសាច់ ម្ចាស់បទ «ទឹកលុយ​សម្លាប់ទឹកចិត្តខ្ញុំ» បានបន្ថែមដោយសម្ដីកូនប្រុសមិនចោល​កិច្ចផ្គត់ផ្គង់គ្រួសារ ពិសេស​ចិញ្ចឹមប្រពន្ធ​ដែលជាកូនស្រីថៅកែអង្ករ ក្នុងពាក្យពេចន៍សាមញ្ញថា «ដល់ម៉ោងទៅដក​ប្រលិត និង រាយមងហើយ តោះយើង»។ ភ្លាមៗនោះម្ចាស់គណនីឈ្មោះ Chan Love បានចូលខមិនជាសម្ដីភ្លែត​ទំនងជាស្គាល់​ស្និទ្ធស្នាលផងថា «សមណាស់​បងឆោម​ទំនង​ណាស់បង» ឯអ្នកគាំទ្រ​ផ្សេងៗទៀត​ក៏លាន់មាត់ស្រដៀងៗគ្នា «ចែឌី បាន​បង យុទ្ធ ធ្វើប្ដីសំណាងមិនខុសទេ ក្រៅពីច្រៀងឲ្យស្ដាប់ អាចរកម្ហូបស្រែឲ្យញ៉ាំទៀត»។