ភ្នំពេញ: ទើបតែច្រានចោលពីមន្ទិលសង្ស័យមហាជនរឿងមានអ្នកជូនកាដូគ្រឿងអលង្ការខ្សែដៃតម្លៃក្បែរខ្ទង់ពាន់ដុល្លារមុននេះសោះ ឥឡូវស្រាប់តែឃើញតារាសម្តែងស្រីមានរាងតូចច្រឡឹង បបូរមាត់សិចស៊ីកញ្ញា ម៉ាក់ សែនសូនីតា បន្ថែមចម្ងល់ដ៏ចម្លែកមួយទៀតគឺបង្ហាញទិដ្ឋភាពបន្ទប់ដេកផ្ទាល់ខ្លួននាងមានការតុបតែងផ្កាកុលាបក្រហមលើគ្រែពូកប្រណីត និងក្នុងបន្ទប់គេងដូចជាមានគូស្នេហ៍ រៀបចំភាពផ្អែមល្ហែមនៅក្នុងថ្ងៃពិសេសរបស់ខ្លួនអ៊ីចឹង។
តែតារាស្រី និងពិធីការិនីទូរទស្សន៍ ទើបតែបង្កការភ្ញាក់ផ្អើលរឿងដូររថយន្តថ្មីពីឃ្លាំង ម៉ាកឡិចស៊ីសស៊េរី 450d តម្លៃជាង ១៧ ម៉ឺនដុល្លារ កាលដើមឆ្នាំ ២០១៧ ផ្អើលទាំងមហាជន និងមិត្តអ្នកសិល្បៈបើកភ្នែកធំៗ កញ្ញា តូតា បន្តបកស្រាយផ្ទុយនឹងការសង្ស័យរបស់មហាជនម្តងទៀតថា៖ «អត់ទេបង! គ្មានអ្នកពិសេសណារៀបចំឲ្យនោះទេ!ការរៀបចំនេះ តាមពិតទៅមានក្រុមមិត្តភក្តិស្និទ្ធស្នាលខ្ញុំ គាត់បានសុំការអនុញ្ញាតពីប៉ាម៉ាក់ខ្ញុំជាមុនរៀបចំដើម្បីពញ្ញាក់អារម្មណ៍ ឬធ្វើខ្ញុំភ្ញាក់ផ្អើលប៉ុណ្ណោះព្រោះពួកគាត់ចង់ឲ្យខ្ញុំសប្បាយចិត្ត ក្រោយពីបានដឹងថា ខ្ញុំរវល់ការងារច្រើនពេកនោះនារយៈពេលថ្មីៗនេះ និងជាការប៉ះប៉ូវនូវសេចក្តីដឹងគុណចំពោះការជួយឲ្យកិច្ចការពួកគេកន្លងមកផងដែរ»។
មើលទៅដំណឹងថា បុរសៗទាំងចាស់ទាំងក្មេង ៤ ឬ ៥ នាក់ កំពុងតែប្រជែងគ្នាដើម្បីដាក់ពាក្យសុំធ្វើជាម្ចាស់ឃុំគ្រងបេះដូង តាមរយៈការឧស្សាហ៍ឃើញ មានការជូនកាដូនេះកាដូនោះប្លែកៗដូចជា ចិញ្ចៀនពេជ្រម៉ាកល្បី Tiffany & Co និងគ្រឿងអលង្ការខ្សែដៃល្បីម៉ាក Kayve ជាដើមនោះ នៅតែបន្តការតាមដាន និងសង្ស័យតទៅទៀតសិនហើយមើលទៅព្រោះកញ្ញា តូតា នៅតែមិនទាន់សារភាពថាមានម្ចាស់ចិត្តជូនកាដូទាំងនោះនៅឡើយ។
តូតា ប្រកែកនាពេលសួរបញ្ជាក់ថា តើអូនមានគូស្នេហ៍រៀបចំបន្ទប់មានផ្កាកុលាបនេះទេដឹង? កញ្ញាតបថា៖ «អត់ទាន់មានទេបង ទោះបីជាមានអ្នកតាមស្រឡាញ់ច្រើនយ៉ាងណាក្តី តែដូចជាធ្លាប់ជម្រាបជូនពីមុនអ៊ីចឹងនៅពុំមានអ្នកពេញចិត្ត ហើយបើទោះបីជា នាងខ្ញុំមានគេជូនកាដូពី អ្នកតាមស្រឡាញ់កន្លងមកនោះ កាដូខ្ញុំអត់ដែលទទួលទុកផង ព្រោះមិនចូលចិត្ត ហើយក៏ឲ្យទៅម៉ាក់វិញក៏មានដែរ»។
ដូចជាករណីការបង្ហោះរូបខ្សែដៃមានតម្លៃប្រមាណជិតមួយពាន់ដុល្លាររហូតធ្វើឲ្យមហាជនកើតការសង្ស័យថា កាដូនោះទំនងជាកាដូភ្ជាប់និស្ស័យស្នេហ៍ថ្មីហើយ តែកញ្ញា ម៉ាក់ សែនសូនីតា បកស្រាយថា៖ «គ្មានអ្នកណាគេទិញឲ្យ ឬជូនកាដូនាងខ្ញុំនោះទេ។ តាមពិតទៅគឺវាជាគ្រឿងអលង្ការខ្សែដៃ ប្រភេទកាឡៃ តែមានម៉ាកល្បី ដែលនាងខ្ញុំបានកុម្ម៉ង់ទិញពីអឺរ៉ុបមក ម៉ាក Kayve សម្រាប់ពាក់ចូលកម្មវិធីសិល្បៈ ឬពេលសម្តែងនានាតែប៉ុណ្ណោះ»៕
