បន្ទាយមានជ័យ ៖ បុរសជាអ្នកចាប់ម៉ូយតាមចំណត់រថយន្ថម្នាក់ត្រូវបានស្លាប់ភ្លាមៗ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារជម្លោះប្រកែកតឹងសសៃកជាមួយជនបង្ក ដែលជាអ្នកចាប់ម៉ូយដាក់រថយន្ដដូចគ្នារហូតឈានដល់ជាហិង្សា ប្រតាយប្រតប់ចេញក្បាច់គុនដូចថតកុន មានទាំងកាំបិតចិតបន្លែ ហើយក៏បានបណ្ដាលឱ្យមានម្នាក់ស្លាប់ នៅច្រកទ្វារអន្តរជាតិប៉ោយបែត កាលពីថ្ងៃទី២០ ខែកញ្ញា ម្សិលមិញនេះ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុនអៀង អាយុ៥១ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំត្រឡប់ ស្រុកត្រូងឃ្មុំ ខេត្តត្បូងឃ្មុំ មុនពេលកើតហេតុបុរសទាំងពីរបានប្រកែកគ្នារឿងដណ្ដើមភ្ញៀវគ្នា ព្រោះជនបង្កជាអ្នកចាប់ម៉ូយឱ្យក្រុមហ៊ុន «វីរៈប៊ុនថាំ» ដឹកអ្នកដំណើរលើទឹកដីថៃ ហើយជនបង្កក៏បានយកកូនកាំបិតចិតបន្លែចាក់ចំទ្រូងក្រោមដោះខាងឆ្វេង១កាំបិត ធ្វើឱ្យជនរងគ្រោះដេកដួលទៅលើដី ហើយក៏បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលផ្នែកព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕