ជួយអភិរក្សទាំងអស់គ្នា ៖ ប្រាសា​ទ​មេ​បុណ្យខាងលិចកំពុងត្រូវបាន​បន្តជួសជុលឡើងវិញ

0
43

ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន​រៀប​រាប់​​ភ្ជាប់ដំណឹង​គួរសាទរ​នៃការចុះជួសជុលប្រាសាទបុរាណខ្មែរ មេបុណ្យ​ខាងលិច​ថា «ប្រា​សាទ​មេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមបន្តជួសជុលឡើងវិញកាលពីដើម​ខែ​មករា ឆ្នាំ២០១៩ បន្ទាប់ពីមានបញ្ហាកង្វះថវិកានាពេលកន្លងមក។ ក្នុងពេលទស្សនកិច្ច​នៅការ​ដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ឯក​ឧត្តម ហង់ ពៅ បានលើកឡើងថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរ​ឡើង​វិញ​ចាប់ពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ តាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និង​អាជ្ញា​ធរជាតិអប្សរា។ ក្រៅពីនេះ ស្ថានទូតបារាំងក៏បានប្រគល់នូវរថយន្តចំ​នួន២​គ្រឿងដល់​អាជ្ញាធរជាតិអប្សរា ដើម្បីយកមកប្រើប្រាស់សម្រាប់ការដ្ឋាននេះផងដែរ»។

​ប្រភពបានបន្ថែមទៀតថា «ប្រាសាទមេបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍​ទឹក​ថ្លា បានចាប់​ផ្តើមជួសជុលឡើងវិញចាប់ពីឆ្នាំ ២០១២ ដោយមានកិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេសបារាំង និងកម្ពុជា។ ការដ្ឋាននេះមានភាពស្មុគស្មាញ ដោយសារវាស្ថិត​នៅចំ​កណ្ដាល​បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលត្រូវបានលិចទឹក​ព័ទ្ធជុំវិញ​ស្ទើរ​​តែពេញមួយ​ឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដឹកជញ្ជូនសម្ភារ ក៏ដូចជាតំឡើង​ឧបករណ៍​ប្រើប្រាស់ផ្សេងៗទៀត។ បញ្ហានេះត្រូវបានដោះស្រាយដោយ​អាជ្ញាធរជាតិ​អប្សរា ដោយ​បានជួយបច្ចេកទេសទឹកនៅក្នុងការងារនេះ ដើម្បីអនុញ្ញាតឱ្យ​ដំណើរការ​១២​ខែ​ក្នុងមួយឆ្នាំ»។

Comments