ភ្នំពេញ៖ ក្រោយថ្ងៃបុណ្យអុំទូក ១ថ្ងៃ តារាសម្តែងសម្បូររឿងអាស្រូវ និងចូលចិត្តការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ បានសម្រុកបង្ហោះរូបថតដើរកំសាន្តជាមួយគូស្នេហ៍យ៉ាងល្អូកល្អិន រួមជាមួយនឹងសារសរសេរថា “មានមនុស្សជាច្រើនសួរខ្ញុំថាហេតុអីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើយថារើសខុស ឬក៏រើសត្រូវដែរ តែបើអោយរើសថ្មីម្តងទៀតខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល.. ព្រោះស្នេហារបស់ខ្ញុំទាំងពីរមិនមែនស្ថិតលើមាត់អ្នកដទៃ​ទេ” ។ បុរសគូស្នេហ៍តារាសម្តែង ដេននី ក្វាន់ ត្រូវបានគេស្គាល់ថា ឈ្មោះ ចាន់ មករា ជាអ្នករកស៊ីជួញដូរ ដែលមានវ័យលើសនាងជិត ១០ឆ្នាំ ។

គូស្នេហ៍មួយគូនេះ ធ្លាប់មានរឿងប្រេះឆា ជាច្រើនលើកច្រើនសារមកហើយ ដោយសារតារាសម្តែង ដេននី ក្វាន់ ​ធុញ​ទ្រាន់​នឹងលោក ចាន់ មករា ដែល​ប្រចណ្ឌហួង​ហែង​ហួសហេតុ ប៉ុន្តែក្រោយមក​ ដេននី ក្វាន់ បានមកស្រាយថា “ការប្រេះឆាកន្លងមកដោយសារតែមានមនុស្សចិត្តមារព្យាយាមចង់បំបែកស្នេហាយើង” ។

នាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក​តារាសម្តែងសិចស៊ីចូលចិត្តសម្ញែងដើមទ្រូងរូបនេះ បានសារភាពលើបណ្តាញសង្គមហ្វេសប៊ុកថា “មិនអាចជ្រើសរើសយកអ្នកថ្មីបានទេ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន” ។ នាងបានសរសេរបន្ថែមថា “គ្មានពាក្យថាស្តាយក្រោយដែលមានបងជាសង្សារបស់អូន ទោះអ្នកដទៃមើលមកបង មិនល្អ មិនស្អាត មិនសង្ហារ មិនមែនជាឧកញ៉ា ឬ ឯកឧត្តម តែសម្រាប់នារីម្នាក់នេះ តែងតែមើលឃើញចំណុចល្អរបស់បងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយទង្វើល្អនឹងចិត្តស្មោះត្រង់របស់បង” ៕