ភ្នំពេញ៖ ក្នុងសភាពដ៏មមាញឹករបស់តារាប្រុស្រីកាលពីម្សិញមិញថ្ងៃចុងបញ្ចប់នៃពិធីបុណ្យអុំទូក តារាចម្រៀងដែលទើបឡើងស៊េរីឡាន លោក សុគន្ធ ថេរ៉ាយុ បានឆ្លៀតបង្ហោះសារឌឺដង​ដល់អ្នកតាមដានជីវិតឯកជនរបស់លោកថា “ខ្ញុំអត់មានលុយទិញឡានរាប់សិបម៉ឺនដុល្លារដូចលោកទេ” ។ តារាចម្រៀងរូបនេះ បានបន្ថែមថា “អរគុណដល់កូនលោកអ្នកមាន ដែលបានតាមដានជីវិតឯកជនរបស់ខ្ញុំ ខ្ញុំសូមបញ្ជាក់ថា មិនចាំបាច់អីមកខ្វល់នឹងជីវិតខ្ញុំឡើយ ធ្វើយ៉ាងណារស់ឲ្យតែស្រួលខ្លួនឯងទៅបានហើយ” ។

អ្នកដែលឈឺឆ្អាលរឿងឯកជនរបស់តារា​ចម្រៀង សុគន្ធ ថេរ៉ាយុ ត្រូបានគេស្គាល់គណនីហ្វេសប៊ុកអ្នកទាំងពីរគឺឈ្មោះ Yura Kun និងឈ្មោះ  Puthy Prak ដែលសរសេរក្នុងន័យតែមួយ ដោយមាន ២ភាសាថា “ឡង់ហ្រ្គីស័រ ០៨ ឡើង ០១៧ តម្លៃយ៉ាងច្រើន ៧ម៉ឺនដុល្លារ ហើយថាតម្លៃជិត ២០ម៉ឺនដុល្លារ អីណា!” ។ ភ្លាមៗនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Yura Kun បានខមមិនក្នុងព័ត៌មានដែលខ្លួនបានស៊ែរ ដោយបញ្ជាក់ប្រាប់ទៅតារាចម្រៀង សុគន្ធ ថេរ៉ាយុ ថា “ខ្ញុំហ៊ានស្បថ ខ្ញុំមិនបាននិយាយពីលោកទេ គឺគ្រាន់តែស៊ែរព័ត៌មានពីគេប៉ុណ្ណោះ” ។ ក្នុងខមមិនបន្ទាប់តារាចម្រៀងដែលយីអ៊ុនខ្ពស់ សុគន្ធ ថេរ៉ាយុ បានតបថា “បើអញ្ចឹងល្អហើយ យើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេ ខ្ញុំរស់ដោយជីវិតខ្ញុំ លោករស់ដោយជីវិតលោក កុំប៉ះពាល់គ្នា” ៕