ភ្នំពេញ៖ ល្ងាចម្សិលមិញថ្ងៃទី០៥ វិច្ឆិកានេះ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម វីរកីឡាការនី ស៊ន សៀវម៉ី បានវិលត្រលប់មកដល់កម្ពុជាវិញហើយ ក្រោយពេលដែលកីឡាការនីរូបនេះ ទៅ ធ្វើការវះកាត់ជង្គង់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក្នុងមន្ទីរពេទ្យមួយស្ថិតនៅសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា មុនការវះកាត់ជង្គង់របស់វីរកីឡាការនីតេក្វាន់ដូដ៏ស្រស់ស្អាតថ្ងៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏បានឧត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយលើការព្យាបាលរបួសរបស់កញ្ញា ស៊ន សៀវម៉ី ផងដែរ ។

កញ្ញា ស៊ន សៀវម៉ី ធ្លាប់បានឲ្យដឹងថា ការព្យាបាលរបួសជង្គង់ នាងមានក្ដីស្រមៃជាយូរមកហើយ ប៉ុន្ដែដោយសារកង្វះខាតថវិកាទើបត្រូវពន្យាពេលមកទល់បច្ចុប្បន្ន។ ការសម្រេចចិត្តវះកាត់ជង្គង់ទៀតសោត ដោយសារនាងចង់សម្រេចគោលដៅធំៗ ចំនួន២ ទី១ គឺការពារមេដាយមាសកីឡាអាស៊ី នាឆ្នាំ២០១៨ និងទី២ ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន ដោយប្ដេជ្ញាចិត្តធ្វើឲ្យបានល្អបំផុត៕