បន្ទាយមានជ័យ ៖ ដំណើរដើមទងលោកគ្រូសង្រ្គាជ​ជើងវត្តលួចដាក់នាម​ក្រៅបញ្ញត្តិ​ថា «សង្ឃមាន​មន្ដស្នេហ៍» ដែលសម្ដៅទៅលើ​សង្ឃ តឿ ប៊ុនធឿន ស្រាប់តែ​លេចធ្លាយរូប​លួចស្លៀក​ពាក់​រាស្រ្ដ​ចូលបាខារ៉ាអូខេ ឆាន់​ចំណីជើងវត្តព្រោងព្រាត​មិនខ្លាចរាគរូស​នោះ ក៏ត្រូវ​បាន​ក្រសួងធម្មការ​សម្រេច​ចិត្ត​ផ្សឹក​ទាំងបង្ខំ​ខ្លាចហ្វេសប៊ុក​កាល​ពីចុង​ឆ្នាំ​២០១៨​នោះ ស្រាប់តែ​ពេលនេះ​សារព័ត៌មានក្នុងស្រុក​ក៏បង្ហើប​ថា ជើងវត្ត​ខ្លះឡើង​ដល់​សាលាឆាន់​ខែភ្ជុំ​សឹងតែរត់ចុះដីវិញ ដ្បិត​គ្រូសង្រ្គាជ​មិនមែនអ្នកថ្មីឯណា នៅតែលោ​កគ្រូធឿន កំពូលសម្រស់​ប្រចាំ​វត្ត​អណ្ដូងថ្មមាសដដែល។

ប្រភព​ព័ត៌មាន​ក៏បន្ដកកាយ​ពីភាព​ស្អុយ​រលួយនៃសង្ឃអង្គនេះ​ ខណៈ​ចេះតែឆ្ងល់ថា សង្ឃ​នេះ​ប្រហែល​ជាមានមន្ដ​សណ្ដំ​ទេដឹង​បានជា​ចូលមកកាន់​ឋានៈចាស់បានយ៉ាងស្រួល ម្យ៉ាងសង្ស័យ​មន្រ្តី​ធម្មការ​ និងមន្រ្តីសង្ឃរវល់​ការងារ​ខ្លាំង ឬទំនងជាអស់លោក​រកសង្ឃ​មួយនគរ​ដែលបរិសុទ្ធ​មកជំនួស​កន្លែងនេះមិនបាន​ទើប​ស៊ីញ៉េ​វ៉ៃត្រា​ឲ្យចូល​មកវិញ។

យ៉ាងណាក្ដី​ក្រោយលេចរឿងហេតុ​នេះពលរដ្ឋ​ចំណុះជើងវត្ត និងមហាជន​ដែលធ្លាប់​តាមដាន​ជាប់លាប់រឿងនេះ​ក៏សំណូមពរ​ដល់​មន្រ្តីធម្មការនៃខេត្តបន្ទាយមានជ័យ​ជួយពិនិត្យផង កុំចាំទាល់មា​នការស្រែក​ពីសម្តេចប្រមុខ​ទើប​នាំគ្នាដុតដៃដុតជើង​យកភ្នែកទៅទុកនៅកញ្ចឹងក  ស្របពេល​មជ្ឈដ្ឋានខ្លះ​ក៏លួចផ្ដាំ​តាម​ហ្វេសប៊ុកជូនសង្រ្គាជសំបូរស្នេហ៍ខាងលើ​ថា «បើចេះអៀនខ្មាស និង​ស្ដាយ​កិត្តិយស​សឹកខ្លួន​ឯង​ក៏ល្អដែរព្រះគុណម្ចាស់»។