កោះកុង ៖ កាលពីវេលាម៉ោងប្រមាណ៣:២០នាទីរសៀល នាថ្ងៃទី៤ ខែតុលាឆ្នាំ ២០១៩ នៅបរិវេណសាលាវិទ្យាល័យថ្មស ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គ្រូបង្រៀនម្នាក់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ក្រោយពីសត្វអសិរពិស «ពស់វែករនាម» ចឹកកំឡុងសម្អាតបរិវេណសាលារៀបចំវេទិកាទិវារំឭកគុណគ្រូបង្រៀន ព្រឹកថ្ងៃទី០៥ ខែតុលា នេះ។

ប្រភពដែលនៅក្បែរបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន វណ្ណនី រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មុខរបរជាគ្រូបង្រៀនវិទ្យាល័យថ្មស ហើយមុនពេលកើតហេតុជនរងគ្រោះ ក្រោយពីសំរាកពីការងារបង្រៀន ក៏បានចេញធ្វើពលកម្មត្រាយព្រៃ សម្អាតទីធ្លាជាប់របងសាលារៀន រៀបចំវេទិការរំឭកគ្រូបង្រៀន ស្រាប់តែជួបគ្រោះពស់ចឹក (ពស់វែករនាម) តែម្ដង។ តាមការបញ្ជាក់ពីលោក អូន សារុន ជាគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពថ្មស បានអោយដឹងថា ជនរងគ្រោះបានដឹងខ្លួននៅពាក់កណ្តាលផ្លូវមុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ខណ:ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ បែកគ្រាប់ឈាមពេញខ្លួន និងសភាពនៃអ្នកជំងឺអាចមានសង្ឃឹមលើសពី៥០%៕