ភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្ដាញសង្គម​កំពុងបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងកោត​សរ​សើរ​​ដល់លោក​ មាស ចន្ថា ជាកូនខ្មែរមួយរូបបានឈ្នះពានរង្វាន់​ពិភពលោក ជា​មគ្គុទ្ទេស​ក៍ទេស​ចរល្អបំផុតប្រចាំ​ឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និង ធំកម្រិត​ពិភព​លោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោម​បេក្ខភាព ៤០០០​ មគ្គុទេ្ទសទេសចរ ដែលបាន​ចូលរួមប្រកួតប្រជែង​មកពីជុំវិញ​ពិភព​លោក ។

ប្រភពពីមន្ទីរទេសចរណ៍ខេត្តសៀមរាបឱ្យដឹងថា ការចូលរួមប្រកួតប្រជែងកម្រិតពិភព​លោក លោក មាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុង​អំឡុងពេល២-៣ខែជា​មួយ​គាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បានហៅគាត់ថា​ លោក​ ជេក (Jack) ជាមគ្គុទ្ទេសក៍​ទេសចរណ៍នៅខេត្តសៀមរាប ដែលទទួលបាន​ពាន​រង្វាន់មាសនេះ ដោយលោកត្រូវបាន​វាយតំលៃ​ថាមានភាពរួសរាយរាក់ទាក់ មិនមាន​ភាព​នឿយហត់ និង មិនមានភា​ពល្អក់កករជាមួយភ្ញៀវដែល ជាកត្តាជម្រុញដ៏មាន​ប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិ។