ភ្នំពេញ ៖ ក្រោយពីតារាចម្រៀងជើងចាស់ច្បាស់ឈ្មោះ ពេជ្រ សោភា ដែលជាប់ជាស្រ្តីមេម៉ាយ​ កាយរងា និងបានសាងស្នេហ៍ជាមួយអ្នកកម្លោះខ្ពស់សង្ហា ឆឹម សក្កដា ថេមទើបប្រកាសប្រាប់​សារព័ត៌​មានក្នុងស្រុក​ដោយចិត្តសឿងថា​នឹងដឹកដៃ​គ្នាចូលរោងជ័យ​ក្រោមផ្កាស្លាមេបាចាស់ទុំ​ឆាប់ៗនេះហើយ។

ប៉ុន្តែនៅមុននេះ​ម្ចាស់បទ «អ្នកទៅមិនដឹងអ្នកនៅឈឺចាប់» ក៏បាន​បង្ហាញ​ឲ្យមហាជន​ភ្លឺ​ភ្នែក និងជឿជាក់ ខណៈនាងត្រូវបុរសកំពូលស្នេហ៍ដឹកដៃ​ទៅថត Pre-Wedding ក្នុងទឹកមុខ​ញញឹម​ញញែម​បែបមនុស្សជិតមានស្វាមី ដោយក្ដីរីករាយ ព្រមដោយ​ការតុបតែងស្លៀកបំពាក់​យ៉ាងស្រស់ស្អាត។ បើទោះបីរូបថតត្រៀមចូលរោងជ័យ​ត្រូវបានបង្ហាញយ៉ាងនេះក្ដីប៉ុន្តែថ្ងៃជ័យ​អ្នកទាំងពីរ​ក៏ពុំបង្ហាញឡើយ ទន្ទឹម​នោះ​អ្នកគាំទ្រ​ជាច្រើន​ក៏បាន​ផ្អើល​ចូលមក​ខមិន​ជូនពរ​ជាហូរហែ។