ភ្នំពេញ៖នៅរសៀលថ្ងៃទី៦ខែវិច្ឆិកានេះ អ្នកស្រី ឡុច សុធី ជាកូនស្រីវីរៈសិល្បការិនីជើងចាស់ យាយ ចាន់ ស៊ីផាន់ ដែលកំពុងមានជំងឺជាទម្ងន់ក្នុងវ័យជិតមួយ១០០ឆ្នាំនោះ បានបញ្ជាក់ឲ្យដឹងថា «ម្ដាយរបស់អ្នកស្រីមានវ័យ៩៣ឆ្នាំ ហើយបានធ្លាក់ខ្លួនឈឺជាង២ឆ្នាំមកហើយ ប៉ុន្តែទើបធ្លាក់ខ្លួនឈឺខ្លាំងរហូតដល់ងើបពីកន្ទេល មិនរួចប្រហែល១សប្ដាហ៍មកនេះ ដោយក្នុងនោះ២ថ្ងៃចុងក្រោយនេះ ហូបអ្វីក៏មិនកើតដែរ។
កាលពីថ្ងៃទី៥ខែវិច្ឆិកា ជាមួយការបង្ហាញនៅក្នុងបណ្តាញសង្គមថា យាយ ចាន់ ស៊ីផាន់ វីរៈសិល្បការិនីសម្តែងល្បីនាទស្សវត្សឆ្នាំ៨០ជាង កំពុងមានជំងឺជាទម្ងន់ដេកឈឺនៅនិងកន្ទេល ក៏បង្ហាញឲ្យដឹងផងថា ក្នុងវ័យដ៏ជរា៩៣ឆ្នាំ ឈឺដេកដួលនោះ យាយ ចាន់ ស៊ីផាន់ ក៏មានក្តីនឹករលឹកដល់តារាសិល្បៈធ្លាប់ហែលឆ្លងថ្នាក់សិល្បៈសម្តែងជាមួយគ្នា មានលោក ខៃ ប្រសិដ្ឋ អ្នកស្រី ចាន់ តារ៉ាទី លោក ទេព រិន្ទដារ៉ាជាដើម ។ ដោយយាយថា មុនផុតដង្ហើមទៅ បានជួបមិត្តភក្កិចាស់ៗធ្លាប់សម្តែងភាពយន្តកម្សត់កម្រនឹងគ្នានោះ អស់ចិត្តហើយ។
តែយ៉ាងណា វាចារទន្ទឹងរបស់យាយ ចាន់ ស៊ីផាន់ ចំពោះមិត្តភក្កិចាស់ៗក្នុងថ្នាលសិល្បៈ លុះរំលងវេលាមួយយប់មួយថ្ងៃហើយ នៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងថា មានវត្តមានសិល្បករ សិល្បការិនី ចាស់ៗរួមជំនាន់ ទាំងអ្នកមានឈ្មោះក្នុងសំដីចង់ចាំរបស់ យាយ ស៊ីផាន់ បង្ហាញខ្លួនសួរសុខទុក្ខនោះទេ ក្រៅពីប្រធានសមាគសិល្បករខ្មែរ ដែលជាអ្នកសិល្បៈជំនាន់ក្រោយដឹកនាំ សិល្បករសិល្បការិនី បួនដប់នាក់ ដែលមានឈ្មោះ ក្នុងសំដីដង្ហើយរបស់ យាយ ចាន់ ស៊ីផាន់ ទៅសួរសុខទុក្ខនិងជួនអំណោយមូលនិធិសិល្បៈចាស់ជរា ពីសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម។
ក្រៅពីការទន្ទឹងរបស់ម្តាយនោះ កូនស្រីអ្នកសិល្បៈជើងចាស់ខាងលើអ្នកស្រី ឡុច សុធី បានលើកឡើងថា «ដោយម្តាយអ្នកស្រីមានវ័យរហូតដល់៩៣ឆ្នាំ ហើយមានគ្រូពេទ្យជាប្រចាំផង មិនមានគម្រោងបញ្ជូនម្ដាយរបស់ខ្លួនទៅព្យាបាលនៅ មន្ទីរពេទ្យឡើយ គឺក្រុមគ្រួសារស្រេចព្យាបាលនៅក្នុងផ្ទះ និង ធ្វើពិធីតាមបែបសាសនា ប៉ុណ្ណោះ ។
អ្នកស្រី ឡុច សុធី ដែលបង្ហាញពីជំហ៊ មិនបានស្នើសុំជំនួយពីអ្នកសិល្បៈឬ សប្បុរសជនណាមួយ យកប្រាក់មកព្យាបាលជំងឺម្តាយ ប៉ុន្តែអ្នកស្រីចង់បាន បំពេញបំណងម្ដាយរបស់ខ្លួនដែលចង់ឃើញមុខអ្នកសិល្បៈរួមជំនាន់ ដូចជា នាយកុយ នាយក្រឹម និងអ្នកសិល្បៈជាច្រើនទៀត ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគាត់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា តារាសម្ដែងជើងចាស់ ចាន់ ស៊ីផាន់ បានប្រើពេលស្ទើរមួយជីវិតរបស់គាត់ ប្រលូកលើវិថីសិល្បៈនេះ ទាំងតារាសម្ដែង គ្រូបង្ហាត់សិល្បៈស្ទើរគ្រប់ទម្រង់ ដូចជា ល្ខោន យីកេ របាំជាដើម ។ អ្នកស្រីមានកូនតែ២នាក់ប៉ុណ្ណោះ ប្រុស១ស្រី១ ផ្ទះរបស់អ្នកស្រី ចាន់ ស៊ីផាន់ ស្ថិតនៅ ខាងក្រោយទូតចិន ក្នុងសង្កាត់ទូលទំពូង២។
