កំពត៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែលសិស្សម្នាក់បានបើកឆាកប្រយុត្តិគ្នាផ្អើលពេញសាលា លោតធាក់ប្រើកណ្ដាប់ដៃវាយដូចថតកុនហូលីហ្វូត ទាំងដែលខ្លួនមិនទាន់គ្រប់អាយុ ម្នាក់ៗមិនទាន់ជ្រុះអាចម៍ក្របីពីក្បាល ចិត្តសឿងហ៊ានក្លាហានខុសតម្រា បណ្ដាលឱ្យសិស្សម្នាក់ត្រូវយ៉ាងដំណំ ថែមទាំងត្រូវបានលោកនាយកសាលាគម្រាមបញ្ឈប់ពីការសិក្សាទៀតផង។

ប្រភពបានឱ្យដឹងថា សិស្សរងគ្រោះឈ្មោះ ប៉ែត ចិន្ដា អាយុ១០ឆ្នាំ រស់នៅភូមិអួរស្លែង ជុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត រៀននៅសាលាគាកឃួន ដោយម្ដាយក្មេងរងគ្រោះ បានមានប្រសាសន៍ថា កូនរបស់គាត់មិនខុសផង ហេតុអ្វីបានជាលោកនាយក គំរាមបញ្ឈប់ការសិក្សា និង បណ្ដេញឲ្យចេញពីសាលាទៀត ទាំងដែលកូនរបស់គាត់ចូលរៀនត្រូវបង់លុយឲ្យថ្ងៃសាលាមិនដែលខ្វះផង។ ប្រភពដដែលក៏បន្តទៀថា កូនរបស់គាត់ត្រូវគេវ៉ៃ ថែមទាំងចោទកូនរបស់ខ្ញុំថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់ តើលោកនាយកសាលាគាកឃួន ធ្វើបែបនេះត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងសិស្សអាក្រក់ ទម្លាក់កំហុសមកលើសិស្សល្អទៅវិញ៕