ភ្នំពេញ៖ក្រោយទទួលរងនូវការរិះគន់យ៉ាងស្ពឹកមុខពីសំណាក់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម លើរឿងរ៉ាវតារាចម្រៀងប្រចាំផលិតកម្មងហង្សមាសកញ្ញា សុខ ស្រីនាង បានសម្រេចទម្លាក់កុមារី រ៉ន ណាវី បេក្ខភាពក្នុងកម្មវិធី ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol Junior ក្នុងនោះផងដែរម្ចាស់បទ«ហត់ទេស្រឡាញ់គេម្នាក់ឯង»បានបង្ហោះសារខ្លី យ៉ាងចាក់ដោតឆ្លើយតបចំពោះការរិះគន់ខាងលើដូច្នេះថា«មានរឿង​ខ្លះ​អ្នក​អាច​មើលឃើញ​តែមួយ​ជ្រុង​តូច​នៅខាងមុខ តែ​អ្នក​មិនអាច​មើលឃើញ​នៅ​ខាងក្រោយ​សាច់រឿង​ទេ»។

យ៉ាងណាមិញ ទោះបីជាមានការបង្ហោះសារឆ្លើយតបបែបនេះក្ដី​ មហាជនក៏នូវតែបន្តការរិះគន់លើការសម្រចចិត្តនេះដដែល ហើយពួកគេបានលើកឡើងព្រមៗគ្នាថា «ក្មេងស្រីហ្នឹងមានទេពកោសល្យ សម្លេងពិរោះមានទឹកដម ជាងក្មេងមុនៗ មិនគួរណាត្រូវទម្លាក់បែបនេះសោះ មកពីគណកម្មាការមិនចេះស្ដាប់ នាងមិនសមធ្វើជាគណកម្មាការទេ»៕