ភ្នំពេញ ៖ តារាស្រី​សម្លេងពីរោះតែ​បទអង់គ្លេស រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវរងព្រនង់​មិនស្ទើរ​ពីអ្នកគាំទ្រ​កាលចូលប្រលង The Voice Cambodia ទី២ ខណៈ​ពេលដែលលើកយកបទខ្មែរ​មកច្រៀង​ម្ដង​អ្នកទស្សនា​ផ្ទាល់មិនហ៊ាន​ដកដង្ហើមឡើយ​ផ្ទៀងស្ដាប់​ ប៉ុន្តែ​ក៏មានការបង្ហើបថា​ស្ដាប់​អត់​បានមែន។

ប៉ុន្តែ​ផលបុណ្យ​សាងពីបុព្វេ​ បានសម្រស់​ស្អាត​ពេញសាច់​ក្នុងវ័យក្មេង ក៏បានរុញច្រាន​ឲ្យ ហ្សាណា ល្បីខ្លាំងបំផុត រហូត​ត្រូវ​គេសម្គាល់ឃើញថា ល្បីលើស ធែល ថៃ ទៅទៀត ដ្បិតម្ចាស់ពាន​រូបនេះ​ជា​មនុស្ស​ប្រុស​ឯសម្រស់​ក៏មិនសូវ​ទាក់ទាញ ខណៈចូលមកដល់​ខែតុលា ចុងឆ្នាំ២០១៩នេះ ស្រាប់តែ​លេចដំណឹង​កាន់តែមមាញឹកដោយឃើញនាងជា​តារា​ស្រី​របស់ខ្មែរ និងផលិតកម្មហង្សមាសតែម្នាក់​គត់ដែល​បានបង្ហាញមុខក្នុង​ការប្រគំ​តន្រ្តីធំមួយ​របស់ចិន នៅក្រុងកំពង់សោមរួមជាមួយ​តារា​ល្បីៗមកពីប្រទេសចិន ក្នុងនោះក៏​ត្រូវមជ្ឈដ្ឋាន​លួចពោលសរសើរ​បន្ថែម​ពីភាពត្រចះត្រចង់នេះ​ថា ពិតជាស្អាត ឆ្លាត ពូកែមែន ហ្សាណា ប្រឹងប្រែងបន្ថែមទៀត​។