ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីឈានចូលថ្ងៃទី១០ តុលា ឆ្នាំ២០១៩ មានករណីដ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្ដធន់ធំពីរគ្រឿងព្រលះគ្នាចង់ដឹងឈ្នះចាញ់ នៅលើដងផ្លូវមហាវិថីឈ្នះឈ្នះ ដែលរថយន្តបាញ់បេតុងបើកបរក្នុងល្បឿនហួសកំណត់ទៅបុកនឹងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន Pry បណ្តាលអោយហូរប្រេងពេញថ្នល់ ហើយមនុស្ស៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗសង្រ្គោះ ស្ថិតនៅក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបាញ់បេតុងមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 5A-1037 បើកបរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យបុករថយន្តមួយគ្រឿងទៀតពីក្រោយក៏រេចង្កូតមកខាងស្ដាំដៃទៅប៉ះនឹងរថយន្តក្រុមហ៊ុន PTT មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5602 ទៀតបើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសគ្នា បណ្ដាលឲ្យកៀបជាប់ធ្លាយស៊ីទែនប្រេង ហូរពេញផ្លូវ និងបណ្ដាលឲ្យខាងភាគីរថយន្តបាញ់បេតុងដែលមានគ្នាចំនួន ០៣ នាក់រងរបួសធ្ងន់ស្រាលត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តដឹកប្រេងចុះគេចខ្លួនបាត់ស្រមោល៕