ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែវិច្ឆិកានេះ ស្រីស្រស់ គង់ ចាន់រដ្ឋា បានបង្ហាញពីការផ្ទុះកំហឹងយ៉ាងខ្លាំងមិនធ្លាប់ មានពីមុនមក ជះទៅលើមនុស្សម្នាក់ ដែលនាងបង្ហាញនៅក្នុងហ្វេសប៊ុក បានជំពាក់ប្រាក់នាង ប្រមាណជិត១ ម៉ឺនដុល្លារ មិនព្រមសង ដោយភ្ជាប់ជាមួយរូបកាំភ្លើងខ្លីមួយដើមនិងគ្រាប់ពេញណែនក្នុងបង់។
ប៉ុន្តែអ្វីដែលកាន់តែមានភាពកក្រើក ពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតនោះ គឺតារាចម្រៀងរូបស្រស់ គង់ ចាន់រដ្ឋា បានសរសេរសារមួយ ដោយបង្ហោះភ្ជាប់ជាមួយនឹងរូបកាំភ្លើង១ដើម និងគ្រាប់ជាច្រើនគ្រាប់ សម្ដៅ ក្នុងន័យចង់បាញ់ប្រហារនរណាម្នាក់ឲ្យស្លាប់ភ្លាមៗ ព្រោះតែកំហឹងឆួលឆាបពេញទ្រូង។ ក្នុងសារនោះ គង់ ច័ន្ទរដ្ឋា បានរៀបរាប់ថា « «ខ្ញុំជាមនុស្ស បេះដូងខ្ញុំក៏ជារបស់ពិត មិនមែនសិប្បនិម្មិតទេ ហើយខ្ញុំក៏មិនមែនជា ព្រះដែរ ឆ្កែកន្ទុយខ្វៀននៅតែខ្វៀនគ្មានថ្ងៃកែ អ្នកឯងមិនមែនមាសទេ ហើយលុយខ្ញុំ ៨០០០$ មិនមែន ៨០០០៛ ខ្មែរទេណា ខ្ញុំមិនយកហើយ ថែមទាំង អហោសិកម្មឲ្យអ្នកឯងទៀត តែអ្នកឯងគ្មានពាក្យអរគុណខ្ញុំមួយម៉ាត់ ហើយមកសំដីឈ្លើយដាក់ខ្ញុំទៀត កុំឲ្យខ្ញុំដល់កឲ្យសោះ កុំដដែលៗពេក»។
ជាមួយនឹងការព្រមាន និង ប្រើពាក្យពេចន៍ខាងលើរបស់កញ្ញា គង់ ចាន់រដ្ឋា នាងក៏បានបង្ហោះរូបកាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា នាងពិតជាមានការខឹងសម្បារ នឹងជនរូបនោះយ៉ាងខ្លាំង ដោយខ្ចីលុយរបស់នាងហើយមិនព្រមសង ថែមទាំងមិនចេះដឹងគុណ និង និយាយសម្ដីប៉ះពាល់ដល់អារម្មណ៍ របស់នាងទៀត ។
