ភ្នំពេញ៖ រាត្រីថ្ងៃទី០៦ វិច្ឆិកា កំពូលតារាចម្រៀងតំណាងជាតិកម្ពុជា ព្រាប សុវត្ថិ បានបង្ហោះរូបលើអ៊ីនស្ត្រាក្រាម ជាមួយតារាចម្រៀងសំឡេងក្រអួនក្រអៅ មាស សុខសោភា ក្នុងទិដ្ឋភាពអង្គុយញញឹមក្បែរគ្នា នៅខាងក្រោយឆាកប្រគុំតន្រ្តី។ ដែលរូបភាពដ៏ស្និទ្ធស្នាល ដែលពីមុនមកកម្រមានបង្អួតភ្នែកមហាជននោះ ក៏ធ្វើឲ្យអ្នកគាំទ្រមិនតិចទេផ្ទុះភាពស្រឡាំងកាំង រហូតមានទាំងអ្នកខ្លះបង្ហាញការសន្និដ្ឋានប្រយោលថា តិចលោក តារាចម្រៀងពីរដួងនេះវិលរកទ្រនំជ្រកជុំគ្នា ឬនៅក្នុងផលិតកម្មហង្សទេដឹង? ត្បិតថាចម្ងល់នេះមិនបានស្រាយ ពីមាត់កំពូលតារាចម្រៀងទាំងពីរដួងនេះ ប៉ុន្តែយ៉ាងណាចម្ងល់នេះក៏ត្រូវបានស្រាយយ៉ាងជាក់ផងដែរពីអ្នកគាំទ្រពួកគេថា «កំពូលតារាចម្រៀងក្នុងដួងចិត្ត ពួកគាត់ទៅចូលរួមកម្មវិធីជប់លៀងឡើងហាងនៅ ដែលត្រូវបានគេអញ្ជើញទៅច្រៀង»។

បន្តពីសារស្រាយចម្ងល់នោះ ប្រភពដដែលនេះក៏បានបង្ហាញទៀតថា «“តារាចម្រៀងទាំង ២ដួងនេះ បានចៀងរួមគ្នាបានពីរបទ សុទ្ធតែជាបទ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា ក្រៅពីនេះ តារាចម្រៀងទាំង ២ដួង ច្រៀងទោលនូវបទចម្រៀងថ្មីៗដែលកំពុងពេញនិយមរបស់ខ្លួន” ។ វត្តមានច្រៀងរួមគ្នា របស់កំពូលតារាចម្រៀងប្រុសស្រីទាំង ២ដួងនេះ ពិតជាកម្រណាស់ ព្រោះតារាទាំង២ដួង មានទ្រនំស្នាក់អាស្រ័យខុសគ្នា ដោយកំពូលតារាចម្រៀងរាងសង្ហាមិនចេះចាស់ ព្រាប សុវត្ថិ នៅផលិតកម្មហង្សមាស រីឯតារាចម្រៀងដែលផ្សាភ្ជាប់ជីវិតនឹងធម្មជាតិ មាស សុខសោភា នៅផលិតកម្មថោន ៕