ភ្នំពេញ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម និងស្ងើចសរសើរ ស្របពេលដែលរូបភាពប៉ុន្មានសន្លឹកត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ ទេសចរណ៍-Tourism បានបង្ហាញ ដោយបុរសម្នាក់ខំព្រឹងធ្វើការដើររើសអេតចាយទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក សន្សំបានប្រាក់មួយចំនួន ហើយពោលពាក្យសប្បាយចិត្តព្រោះតែលុយដែលគាត់មាន គឺបានមកពីការងារសុចរិតទៀងត្រង់និងជាកម្លាំងញើសឈាមរបស់គាត់ទាំងស្រុងគ្មានកិបកេង ឬបន្លំនរណាមួយកាក់មួយសេននោះឡើយ។

ប្រភពដែលបង្ហាញក៏បានភ្ជាប់ជាមួយពាក្យពេចន៍ រំលេចជាសំណេរយ៉ាងដូច្នេះថា «លោកពូម្នាក់នេះគាត់ខំប្រឹងដើររើសអេដចាយជាងមួយឆ្នាំ ទើបគាត់អាចសន្សំប្រាក់បានជាងមួយលានរៀលនេះ មើលទៅទឹកមុខគាត់ពិតជាសប្បាយចិត្តណាស់»។ លើសពីនេះទៀត ប្រភពក៏បានបន្តថា «សូមមិត្តចូលរួមលើកទឹកចិត្តនិងផ្តល់តម្លៃដល់ការងារសុចរិតផង ទោះវាជាការងារទទួលបានប្រាក់តិចតួចមែន តែវាជាការងារនាំឲ្យយើងមានក្តីសុខពិតប្រាកដ មិនដូចការងារខ្លះទទួលបានប្រាក់ច្រើន តែក្នុងចិត្តពោរពេញដោយក្តីទុក្ខកង្វល់ភ័យខ្លាចជានិច្ច»៕