ភ្នំពេញ៖ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៧ មានឃាតកម្មដ៏ល្បីរន្ទឺលើតារាចម្រៀង សាន ស្រីឡៃ ពីសំណាក់ឃាតករចិត្តឥតមេត្តា ជ័យ រិន (ម៉ៅ) ត្រូវបានអតីតស្វាមីរបស់តារាចម្រៀងរូបនេះផ្ទាល់តែម្តង ។ ការស្លាប់របស់តារាចម្រៀងផលិតកម្មហង្សមាសរូបនេះ ធ្វើឲ្យក្រុមគ្រួសារមានទុក្ខជាទម្ងន់ដែលបាត់បង់បង្គោលគ្រួសារយ៉ាងសំខាន់ ក្រៅពីការទុក្ខសោកនេះ ក៏ការមរណភាពរបស់តារាចម្រៀងរូបនេះ បានធ្វើឲ្យរឿងភាគ២រឿង គឺ “ភូមិគ្រឹះរាជនី និង បិសាចគួរឲ្យស្រលាញ់” ជួបបញ្ហាធំ ព្រោះកាលនាងនៅមានជីវិត នាងបានថតរឿងភាគទាំង ២នេះ បានពាក់កណ្តាលហើយ ។

ពាក់ព័ន្ធការបាត់បង់តួស្រី សាន ស្រីឡៃ នេះ ផលិតករផលិតរឿង ភូមិគ្រឹះរាជនី បានបង្ហើបថា “ខ្ញុំកំពុងរិះរកមធ្យោបាយ ដើម្បីថតបន្ត យើងមិនអាចបោះបង់ចោលរឿងនេះកណ្តាលទីបានទេ” ។ លោកបានបន្តទៀតថា “ស្អែកនេះ ខ្ញុំ និងក្រុមការងារនឹងប្រជុំសម្រចថាត្រូវកាត់ចោលប្លង់ដែល ស្រីឡៃ សម្តែង ឬ ក៏យកតួថ្មីមកជំនួសវិញ” ។

ចំណុចគ្រោងនឹងកាត់ប្លង់ចោលនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានទទូចសុំឲ្យផលិតករកុំកាត់ឈុតដែល ស្រីឡៃ សម្តែងចោល ព្រោះនេះជាស្នាដៃដំបូងក្នុងវិស័យភាពយន្ត មុនតារាចម្រៀងរូបនេះស្លាប់ ។ ឆ្លើយតបនឹងសំណូមពរនេះ ផលិតករដដែលបានឆ្លើយទាំងទឹកមុខស្ទាក់ស្ទើរថា “ខ្ញុំមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែធ្វើម៉េច បើរឿងវាកើតឡើងអញ្ចឹងទៅហើយ ប៉ុន្តែចាំមើលក្រោយប្រជុំក្រុមការងារសិន” ៕