ថៃ៖ ម្សិលមិញថ្ងៃទី៧ វិច្ឆិកា ក្រុមគ្រួសារតារាសម្ដែងល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានលើកដៃប្រណម្យសូមអំពាវនាវរកជំនួយជាថ្មីម្តងទៀតពីសំណាក់សប្បុរសជន បន្ទាប់ពីជំងឺបេះដូងរបស់តារាសម្ដែងល្បុក្កតោរូបនេះ មានការវិវឌ្ឍន៍កាន់តែខ្លាំង ហើយគ្រួសារមិនមានលទ្ធភាពវះកាត់បេះដូងតាមការទាមទាររបស់គ្រូពេទ្យជំនាញនោះទេ ដោយសារតែពេទ្យបេះដូងនៅក្នុងទីក្រុងបាងកក បានកំណត់តម្លៃវះកាត់ជួសជុលសរសៃប្រើសបេះដូងរបស់នាង និងព្យាបាលជំងឺបេះដូងប្រហោងផងរហូតដល់ជិត ៤ម៉ឺនដុល្លារ ។

មកដល់ពេលនេះ ថវិកាដែលប្រមូលបានពីសប្បុរសជននៅមានកម្រិតតិចតួចមិនគ្រប់សម្រាប់ថ្លៃវះកាត់ទេ គឺទុកគ្រាន់ទិញថ្នាំលេបប៉ុណ្ណោះ ។ បើយោងតាមសម្ដីរបស់អ្នកស្រី សុជាតា ដែលជាម្ដាយបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «កូនស្រីរបស់ខ្ញុំមិនអាចបន្តស្នាក់នៅក្នុងមន្ទីរពេទ្យធំបេះដូងរបស់ប្រទេសថៃបានទៀតទេ ដោយសារតែការស្នាក់នៅ និងការចំណាយគឺមានចំនួនច្រើន មិនអាចទប់ទល់បានឡើយ»។