ព្រះសីហនុ ៖ ក្រោយពីកើតមានបាតុភូតចម្លែក បាត់ខ្លួនរបស់និស្សិតស្រីវ័យ២១ឆ្នាំ ជាជនជាតិអង់គ្លេស Amelia Bambridge មកពីទីក្រុង Worthing ក្រោយចាកចេញពិធីជប់លៀងនៅលើទឹកដីត្រជាក់ស្រស់មនោរម្យកោះរ៉ុងសន្លឹម ដែលមកទល់ពេលនេះអស់រយៈពេលប្រមាណជា៤ថ្ងៃហើយនោះ រហូតលេចឮដល់ស្ដេចត្រាញ់ក្រុងកំពង់សោម ឯកឧត្ដម គួច ចំរើន អង្គុយលែងសុខចុះមកផ្ទាល់ដឹកនាំកងកម្លាំងរុករកក៏នៅតែមិនឃើញ ទោះបីមានការសង្ស័យថាជាករណីប្លន់ ប៉ុន្តែតាមពិតកាបូប ទូរស័ព្ទ កាតធនាគារ ត្រូវបានគេប្រទះឃើញនៅឆ្នេរ។

ដោយដំណឹងរន្ធត់ក្ដុកក្ដួលនេះ ក៏កាន់តែភ្ញាក់ផ្អើលខ្លាំង ស្របពេលសារព័ត៌មានល្បី Daily Mail របស់ចក្រភពអង់គ្លេស បានចុះផ្សាយប៉ុន្មានម៉ោងមុននេះ ពីនិស្សិតស្រីជនជាតិអង់គ្លេសបាត់ខ្លួនយ៉ាងអាថ៌កំបាំងលើដែនដីកោះរ៉ុង ដោយក្រុមគ្រូសារនារីរងគ្រោះ បានហោះពីប្រទេសកំណើតបន្ទាន់ដើម្បីចូលរួមរកកូនស្រី និងសង្ឃឹមនាងគ្រាន់តែវង្វេងក្នុងព្រៃ ហើយអាជ្ញាធរនឹងអាចរកឃើញឆាប់ៗនេះ៕