ភ្នំពេញ៖ ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ ដ៏កក្រើករាជធានីភ្នំពេញ កាលពីវេលាម៉ោង៧:១៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមានជនជាប់ចោទ ថោង សារ៉ាត់ និងបក្ខពួកចំនួន៤រូប ជាប់ចោទប្រកាន់ពីបទអំពើឃាតកម្មគិតទុកមុន និងរួមគំនិតក្នុងអំពើឃាតកម្មគិតទុកមុននេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថាក្រុមប្រឹក្សាជំនុំជម្រះ បានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ អស់រយៈពេល៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ និងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌ នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ ៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង៕