ភ្នំពេញ៖ រឿងរ៉ាវលោកវរសនីយ៍ឯក ហ៊ុន ហ៊ាន អនុប្រធានលេខាធិការដ្ឋាន កិច្ចការទីប្រឹក្សា និងជំនួយការនៃក្រសួងមហាផ្ទៃ ដាក់ស្នើសុំទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្របសម្រួលឱ្យក្មួយប្រុសបានចូលប្រឡងមន្ត្រីក្របខណ្ឌនគរបាលជាតិជាលើកទី៣ ដោយឃើញពីភាពមាំមួនរបស់ក្មួយៗ និងការស្រលាញ់ ព្រមទាំងបានបញ្ចប់បរិញ្ញាបត្រ ដែលធ្វើឱ្យផ្ទុះការិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនថាជាអំពើពុលរលួយ ស៊ីសំណូកសូកប៉ាន់ តាមខ្សែខ្នងជាដើម។

ឆ្លើយតបការរិះគន់ចំពោះលោកវរសេនីយ៍ឯក ហ៊ុន ហ៊ាន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ពត៌មានក្នុងស្រុកឈ្មោះ ស៊ីភីស៊ី នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះថា ការសម្រួលអោយប្រឡង មិនមែនជាការសម្រេចនោះឡើយ បើប្រឡងធ្លាក់ទៀត គឺ ធ្លាក់ តែបើជាប់ គឺ ជាប់។ មិនតែប៉ុណ្ណោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តទៀតថា សម្តេចក្រឡាហោម ស ខេង ចារអោយសម្រួលចូលប្រឡងក៏ពិតមែន ប៉ុន្តែធ្លាក់ឬជាប់ គឺសម្រេចលើការប្រឡង ។ ដោយក្នុងនោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សង្កត់ធ្ងន់ថា «អ្នកដែលតិះទៀន រឿងនេះ គឺ ជាអ្នកប្រឆាំង បើមិនប្រឆាំងគេមិនតិះទៀនទេ»៕