ស្វាយរៀង ៖ កាលពីម្សិលមិញនេះ កងកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនជាតិខ្មែរ និងវៀតណាមចំនួន៥នាក់ក្រោយទទួលបានពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះ ពីបទពាក់ព័ន្ធការបង្ខាំងមនុស្សហើយគំរាមជំរិតទារប្រាក់ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យទី១មានឈ្មោះ ហួច សៅ អាយុ៤៧ឆ្នាំ ទី២ ឈ្មោះ ហួរ តាម អាយុ៤៧ឆ្នាំ ទី៣ឈ្មោះ ផាម ប៊ិនញឺ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ទី៤ឈ្មោះ ស៊ាង បញ្ញា និងទី៥ឈ្មោះ រ័ត្ន សុខ ភេទប្រុស អាយុ៤៨ឆ្នាំ។

មុនកើតហេតុ ម្ដាយជនរងគ្រោះជាជនវៀតណាមបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចថា មានមនុស្សចាប់កូនស្រីគាត់យកទៅ ហើយទំនាក់ទំនងមកគាត់ដើម្បីគំរាមទារប្រាក់ជាថ្នូរ និងការដោះលែងកូនស្រី លុះកំណត់មុខសញ្ញាជនសង្ស័យបានសមត្ថកិច្ចចុះ ធ្វើអន្តរាគមន៍រកឃើញមនុស្សចំនួន១១នាក់( ប្រុស៨នាក់ ស្រី៣នាក់) បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១១នាក់ ទៅកាន់កងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕