សៀមរាប ៖ តំបន់ទេសចរដ៏ធំបំផុត ប្រាសាទ «អង្គរវត្ត» ត្រូវបានគេដឹងជាកន្លែងដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់សែននាក់ក្នុងមួយឆ្នាំៗ ហើយមានការកើនឡើងជាបន្តបន្ទាប់ និងការសរសើរល្អថ្លៃថ្លាគ្រប់មាត់ពេលចូលដល់ក្រុងដ៏បវរមហាអច្ឆរិយនេះ ប៉ុន្តែរយៈពេលប៉ុន្មានមកនេះ ក៏មានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនភ្ញៀវ ស្របពេលដែលមានជនខិលខូចប្រព្រឹត្តអំពើមិនគប្បីលើភ្ញៀវច្រើនលើកច្រើនសារ ពុំមានវិធានទប់ស្កាត់បំបាត់សូន្យនូវទង្វើ ធ្វើឱ្យភ្ញៀវញញើតរអានឹងការចូលមកកម្សាន្តទឹកដីដ៏ត្រជាក់ស្រស់ត្រកាល និងអំណោយផលនេះ។

ជុំវិញរឿងនេះលោក គួច ខេវិន ផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីប្រចាំស្រុកខ្មែរបានបញ្ជាក់ថា «បើតាមព័ត៌មានបណ្តាញសង្គមទម្លាយចេញជាហូរហែ មានជនខិលខូច ចរិតថោកមាយាទអន់មួយចំនួនបង្កប់ខ្លួនក្នុងជួរប៉ូលិស រាជការ បក្សពួកគ្រួសារនិយម បាននឹងកំពុងប្រតិបត្តិនូវអំពើលាមក ថោកទាបទៅលើភ្ញៀវទេសចរបរទេស ធ្វើឱ្យគេរាងចាលក្រោយមកដល់កម្ពុជា ហើយមិនចង់មកម្តងទៀត និងថែមទាំងផ្តល់ដំណឹងតៗគ្នា ដើម្បីកុំឱ្យជួបរឿងអាក្រក់បាតសង្គម ដូចជាករណីលួចវះវ៉ាលីភ្ញៀវទេសចរនៅព្រលានយន្តហោះខេត្តសៀមរាប ម្នាក់ៗលួចវះលើសពី១០០លើកទើបចាប់បាន តើពួកគ្រប់គ្រងកិច្ចការសន្តិសុខភ្ញៀវពួកគេកំពុងធ្វើអី? ដងផ្លូវខ្លះក្នុងក្រុងអង្គរ ដូចផ្លូវទៅកាន់ទីស្មសាន តើអ្នកណាដែលចង់មកកម្សាន្តអង្គរដ៏បវរនិងមហាអច្ឆរិយហ្នឹង? បើគេរិះគន់ក្នុងន័យស្ថាបនាគួរគប្បីអរគុណគេទៅ»៕