កណ្ដាល ៖ កាលពីយប់មិញនេះ មានរឿងរ៉ាវភ្ញាក់ផ្អើលមួយកើតឡើង ករណីចោរអស់ល័ក្ខលួចរថយន្តប្រជាពលរដ្ឋបានសម្រេច លុះបើករត់គេចស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម្ម នៅចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។

យ៉ាងណាមិញ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយទេ បើតាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យបានលួចរថយន្តដែលជនរងគ្រោះចតទុកនៅមុខផ្ទះ លុះជនរងគ្រោះបានឮសំឡេងបញ្ឆេះរថយន្ត ហើយបានចេញមកមើល ស្រាប់តែឃើញ ជនសង្ស័យលួចបើករថយន្តចេញពីផ្ទះរបស់ខ្លួន ក្រោយមកជនរងគ្រោះបានទៅរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យធំ ខណៈកម្លាំងនគរបាលប៉ុស្តិ៍ និងជនរងគ្រោះ កំពុងជិះម៉ូតូដេញតាម បានប្រហែល២៥០ម៉ែត្រ ស្រាប់តែជនសង្ស័យបានបើករថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្ដាលស្លាប់ភ្លាមៗតែម្តង៕