ភ្នំពេញ៖ ស្នាដៃថ្មីមួយទៀតបែបរន្ធត់អភិនីហារលងបន្លាចរបស់ផលិតកម្មឥន្ទ្រានិម្មិត បានដាក់សម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាផ្សារទំនើបអ៊ីអន ក្រោមអធិបតី អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈខ្មែរ ។ នាឱកាសបង្ហាញស្នាដៃថ្មី សម្រាប់ចុងឆ្នាំ២០១៧នេះ រឿង «សសរកន្លោង» ត្រូវបានគេមើលឃើញថា កំពុង​តែមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ និងមជ្ឈដ្ឋានទូទៅ ដែលទទ្ទឹង​រង់ចាំទស្សនា ថាតើមានឈុតឆាករន្ធត់ញាប់ញ័រអ្វីខ្លះ ។

ម្ល៉ោះហើយ នាថ្ងៃដាក់សម្ពោធរឿងជាផ្លូវ​ការ មានវត្តមានតារាល្បីៗ ទាំងនៅក្នុងសាច់រឿង ក៏ដូចជាតារាកិត្តយសជាច្រើនដួង បានរួមគ្នាចូលរួមផ្តល់​កិត្តិយសលើកទឹកចិត្តដល់ក្រុមការងារផលិតកម្មផងដែរ។ ក្រៅពីការថ្លែងបើកសម្ពោធរបស់អ្នកស្រី ចន ច័ន្ទលក្ខិណា ក៏មានការសម្តែងក្បាច់រាំ និងច្រៀងពីសំណាក់តារាល្បីជាច្រើនដួងផងដែរ ។

តារា​ល្បីៗ​ដែល​ត្រៀមខ្លួន​នឹង​លេចមុខ​នៅក្នុង​ថ្ងៃ​សម្ពោធ​រឿង « សសរកន្លោង » នៅ​ល្ងាច​នេះ​រួមមាន​តារា​កំប្លែង តារា​សម្តែង និង តារាចម្រៀង​ជាច្រើនរូប​ទៀត​ដែល​សុទ្ធសឹង​តែមាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​ទេពកោសល្យ​សម្តែង​ល្អ ដូចជា សារាយ ស​ក្ខ​ណា,​ សុគន្ធ ថេរ៉ាយុ , ដេនី ក្វាន់ , រួមទាំង​តារា​ជាច្រើនរូប​ទៀត ។​

គួរបញ្ជាក់ថា រឿង «សសរកន្លោង» របស់ផលិតកម្មឥន្ទ្រានិម្មិតនេះ នឹងមានការចាក់បញ្ចាំង ចាប់ពីស្អែកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ  នៅរោងភាពយន្ត មេជ័រ ស៊ីនីផ្លេច ស្ថិតក្នុងអាគារផ្សារទំនើបអ៊ីអន ជាន់ទី២ ៕