ភ្នំពេញ ៖ មុននេះ​បន្ដិចលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោក ហេង​ឡុង បានបញ្ចេញ​សារសូម​ទោស​ក្រោយ​បញ្ចប់សន្និសីទកាសែត​ដែលមានអ្នក​សារព័ត៌មានចូលរួម​ជាច្រើនស្ថាប័ន​កាលពីយប់មិញ ពិសេស​ក្រោយទទួលប្រតិកម្មដ៏ធ្ងន់ៗពីសំណាក់​សកម្មជនហ្វេសប៊ុកអ្នកនាង ធី សុវណ្ណថា ​ក្នុងសំណេរ​ថា «ខ្ញុំបាទ​ ហេង​ ឡុង​ សូម​អភ័យ​ទោសចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វើឲ្យប៉ះពាល់ថ្ងៃរៀប​អាពាហ៍​ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់»។

ចំពោះការចេញមុខសូមទោស​នាពេលនេះត្រូវបានមហាជន​បង្ហាញ​នូវអារម្មណ៍ស្លុតចិត្ត ខណៈ​លោក​ ហេង ​ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ បែរជាត្រូវទទួល​រងនូវថ្ម​បាក់ពីតារាស្រីឈ្មោះ យ៉ាយ៉ា ដែលចេញមុខ​ប្រកាសថាខ្លួនជាអតីតប្រពន្ធលោក ផែ សុវណ្ណារិទ្ធ រហូតត្រូវ​បាន​អ្នកនាង ធី សុវណ្ណថា ដែលជាប្រពន្ធស្របច្បាប់ប្រកាស​ឲ្យធ្វើសន្និសីទកាសែតបំភ្លឺ ប៉ុន្តែ​ដល់​ពេលវេលា ដែលកំណត់​បែរ​ជាបាត់មុខ​តារាស្រី​ដែលអះអាងថាជាជនរងគ្រោះទៅវិញ ស្របពេល​ដែល​អ្នកនាង​ ធី សុវណ្ណថា នៅតែចិញ្ចឹមចិត្ត​ឲ្យស្រ្តីម្នាក់នោះ​បង្ហាញខ្លួន​ឲ្យបានឆាប់​ជាទីបំផុត ព្រមទាំង​ហ៊ានចំណាយ​ប្រាក់​១ម៉ឺនដុល្លារ ដល់អ្នកមានដំណឹងពីនាង។