ភ្នំពេញ ៖ ស្របពេល​ដែល​ជនមួយក្រុមកំពុង​បង្ហាញចេតនា​បំផ្លាញសន្ដិភាព​តាម​រយៈការប្រកាស​ចូលស្រុក​ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នោះ កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី​០៧ ខែវិច្ឆិកា​ ឆ្នាំ ២០​១​៩​ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យង់ សារិទ្ធ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស (ទទួលបន្ទុក កងអន្តរាគមន៍ទី៤ ចល័ត៤៩៩) ក៏បានអញ្ជើញដឹកនាំកម្លាំង ប្រជុំជួរ​ និងផ្ដល់​ប្រសា​សន៍ អប់រំណែនាំដល់ នាយ ពលទាហាន ថ្នាក់ក្រោម​ផងដែរ។

នាយរងសេនាធិការចំរុះអគ្គបញ្ជាការ ខ.ភ.ម  រូបនេះក៏បានប្រកាស​ប្រាប់​ឲ្យដឹង​យ៉ាងដូច្នេះ ថា​នាយ​ទាហាន​ត្រូវតែ​ស្មោះត្រង់ បម្រើ ការពារ ជា​ដាច់ខាត ចំពោះរាជរដ្ឋាភិបាល ស្របច្បាប់​ គឺសម្តេចអគ្គ​មហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែល​ប្រសូត្រចេញ​ពី​ការបោះឆ្នោតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមឧត្តមសេនីយ៍ឯក យង់ សារិទ្ធ ដែលមាននាទីជាទីប្រឹក្សាសម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ផងនោះ ​បាន​ថ្លែង​បន្ថែមដោយសម្ដីយ៉ាង​ម៉ឺងម៉ាត់ចេញពីបេះដូង​ដ៏ស្មោះស្ម័គ្រចំពោះជាតិ ​ដល់​នាយទាហាន​ ពលទាហានថា​ ត្រូវតែប្រឆាំងដាច់​ខាត​ចំ​ពោះ​ក្រុមទាំងឡាយណាដែលមានបំណងក្បត់ជាតិ​ ធ្វើ​រដ្ឋប្រហារ​ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់​រួម​គ្នា​ដើម្បី បុព្វហេតុ ជាតិមាតុភូមិ។