សៀមរាប ៖ មហាជនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសពលរដ្ឋដែលរស់នៅក្បែរទឹកដីក្រុងអង្គរក៏ដូចគ្នា ខណៈទំព័រហ្វេសប៊ុកមួយឈ្មោះ Rambo Phon បានបង្ហោះរៀបរាប់ភ្ជាប់ទាំងឃ្លីបវីដេអូសូមឱ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលលោកជំទាវ ហ៊ុន ស៊ីណាត បានលែងកូនក្រពើមួយក្បាលចូលក្នុងទឹកទក្សិណអង្គរ កាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រភពបានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ ប្រយ័ត្នៗទៅបងប្អូន»។ ភ្លាមនោះ ក៏មានមតិជាច្រើនបានលើកឡើង និងសម្ដែងនូវការមិនពេញចិត្ត ដ្បិតជាហេតុធ្វើឱ្យមានការព្រួយបារម្ភខ្លាចក្រែងពេលវាធំពេញវ័យបង្កគ្រោះថ្នាក់៕