ក្សៀមរាប ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងខ្លាំង ខណៈពេលដែល លោកជំទាវ ហ៊ុន ស៊ីណា​ត ប្រលែងកូនក្រពើចូលក្នុងទឹក ទក្សិណអង្គរ ខេត្តសៀម ពេលនេះផងដែរ ធ្វើឲ្យម​ហាជនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈនេះដែរ ក្រុមការងារច​ម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែ​ងដែលបានលែងកូនក្រពើ និងរកមធ្យោបាយដើម្បីតាមចាប់កូនក្រពើតូច បណ្ដោ​យប្រហែល ៤០សង់ទីម៉ែត្រ ដែលបានលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែក​ខាងកើតកាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបា​ល​សា​លាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរ​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់ក​ម្លាំ​ងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លើ ២៤ម៉ោង ពិសេសពេលកូនក្រពើតូចនេះ​ចេ​ញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពី​កសិន្ធុ​នេះ​នៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់​ស​ន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាស្រ័យហេតុនេះ សូមសា​ធារ​ណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើ​នេះនៅតូចមិនទា​ន់​អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខ​នេះផង​ដែរ​។